(ស្ទឹងត្រែង)៖ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រួលខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីកាំកុងត្រួល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយនិង នគរបាលមូលដ្ឋាន ចុះត្រួតពិនិត្យគ្រឿងកំប៉ុង និងអាហារបរិភោគផ្សេងៗទៀត នៅក្នុងផ្សារថាឡាបរិវ៉ាត់ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក គឹម ប្រុស ប្រធានកាំកុងត្រួល បានឲ្យដឹងថា ប្រតិបត្តិការក្នុងការចុះត្រួតពិនិត្យក្នុងពេលនេះ រកឃើញផលិតផលមួយចំនួន ដែលខូចគុណភាព និងឃើញថាតូបអាជីករលក់ដូរ មួយចំនួនមានការយល់ដឹងច្រើន លើការរក្សារអនាម័យ មើលកាលបរិច្ឆេទហួសកាលកំណត់ប្រើប្រាស់។
ដោយឡែក មានតូបអាជីករមួយ ដែលត្រួតពិនិត្យរកឃើញមានការខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មានដូចជា៖ ទឹកផ្លែឈើ (v.share)១២ដប, ទឹកដោះគោក្រហម២ប្រអប់។
ប្រធានកាំកុងត្រួល បន្តថា របស់បរិភោគដែលខូចគុណភាពរកឃើញនៅពេលនេះ លោកបានដកហូតយកមករក្សាទុកដើម្បីធ្វើជាកំណត់ហេតុ។
លោក គឹម ប្រុស បានបន្ថែមទៀតថា អាជីករលក់ដូរនៅក្នុងផ្សារថាឡាបរិវ៉ាត់នេះ បានយល់ដឹងច្រើនអំពីរការលក់ដូរ របស់របបបរិភោគ ចេះមើលកាលបរិច្ឆេទដែលហួសកំណត់ ចេះរក្សាអនាម័យបានត្រឹមត្រូវ តាមមន្ត្រីជំនាញណែនាំ៕