(សៀមរាប)៖ កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការាបៀន) សម្រាប់ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី១១ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានរៀបចំឡើងចាប់តាំងពីថ្ងៃទី១៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្នុងរយៈពេល២ថ្ងៃកន្លះ ប្រតិភូមកពីបណ្តាប្រទេសនិយាយភាសាបារាំងមួយចំនួនដូចជា បារាំង បេណាំង កម្ពុជា វៀតណាម ហៃទី និងឡាវ ព្រមទាំងតំណាងរបស់អង្គការអន្តរជាតិនានា ប្រមាណ១០០នាក់ បានពិភាក្សា និងពិគ្រោះយោបល់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយលើបញ្ហានានា រួមមាន៖ ការលើកស្ទួយផលិតផលធ្វើពីកប្បាស និងជលផល ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មមិនកំណត់ពន្ធ និងបរិមាណ ដែលមិនទាន់បានដោះស្រាយ ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីក្នុងក្របខណ្ឌ WTO កន្លងទៅ សំដៅធ្វើការពិភាក្សាបន្តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ នៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

ក្នុងឱកាសនោះ លោក ឱក ប៊ុង បានថ្លែងថាកិច្ចប្រជុំនេះ បានអនុញ្ញាតិឲ្យបានស្វែងយល់គោលជំហប្រទេសអភិវឌ្ឍន៍ និងក្តីកង្វល់ និងបញ្ហានានា ដែលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ជាសមាជិកអង្គការអន្តរជាតិ នៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) កំពុងជួបប្រទះ ដើម្បីកំណត់រចនាសម្ព័ន្ធការងារថ្មីៗ និងចងក្រងជាឯកសារ ឬ ញ្ញាត្តិអំពាវនាវ ដើម្បីស្នើសុំប្រទេសអភិវឌ្ឍន៍ ធ្វើការអនុវត្ត នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូខាងមុខ។

លោករដ្ឋលេខាធិការ បានបន្តថា តាមរយៈការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ កិច្ចប្រជុំនេះបានទទួលស្គាល់សំណើរបស់ប្រទេសភាគច្រើន ដើម្បីបង្កើតបណ្តាញរដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលនិយាយភាសាបារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ឲ្យបានស្អិតរមួតសំដៅធ្វើឱ្យមានសម្លេងចរចារខ្លាំងជាងមុន។ ទាក់ទងដំណើរការអនុវត្តន៍កិច្ចសន្យាផ្តល់ការលើកលែងពន្ធ និងបរិមាណ (Duty-Free-Quota-Free) ដល់ប្រទេស LDCs ឯកសារច្បាប់ និងការប្តេជ្ញាចិត្ត ត្រូវបានសរសេរយ៉ាងល្អ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តន៍ពេញលេញ។ លោក ឱក ប៊ុង បានស្នើបង្កើតវិធានការ ដែលអាចអនុវត្តន៍បាន ដើម្បីលើកទឹកចិត្តរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋាភិបាលប្រទេសអៀរឡង់ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ផ្តល់ការយល់ព្រមឲ្យបានឆាប់រហ័ស ទៅលើដំណើរការទីផ្សារដែលគ្មានពន្ធ និងមិនកំណត់កូតា សម្រាប់ប្រទេស LDCs យ៉ាងហោចណាស់ ៩៧%។

ទាក់ទងនឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់បណ្តាប្រទេសនិយាយភាសាបារាំង (OIF) អង្គការ WTO និងដៃគូរបស់ខ្លួន ធ្វើការប្រមូលផ្តុំ និងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេស LDCs សម្រាប់បរិបទសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមរបស់ពួកគេ។

«ខ្ញុំស្នើសុំយើងចាប់ផ្តើមអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកប្បាសនៃប្រទេសយើង ដោយបន្តយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលផ្តោតលើតម្រូវការ និងការផ្គត់ផ្គង់កប្បាស និងផលិតផលដែលពាក់ព័ន្ធ ហើយបណ្តាប្រទេស ដែលមានឯកទេសក្នុងការកែច្នៃសម្លៀកបំពាក់ និងវាយនភ័ណ្ឌ គួរធ្វើការទិញកប្បាសពីប្រទេសផលិតកប្បាសឲ្យបានអតិបរិមា»។ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់។

ដោយឡែកពាក់ព័ន្ធនឹងវិស័យជលផល លោក ឱក ប៊ុង បានអំពាវនាវដល់ប្រទេសចូលរួមទាំងអស់ រៀបចំយុទ្ធសាស្ត្រជាក់លាក់ ដើម្បីទប់ស្កាត់បញ្ហានេសាទខុសច្បាប់ដែលពុំមានរបាយការណ៍ និងមិនមានច្បាប់ និងការឧបត្ថម្ភធនមិនសមរម្យ។ ក្នុងន័យនេះ បណ្ដាប្រទេសនិយាយភាសាបារាំង គួរតែខិតខំធ្វើការជាមួយអង្គការ OIF និងអង្គការ WTO ដើម្បីដោះស្រាយរាល់បញ្ហាអសកម្មទាំងនេះ និង កែលម្អច្បាប់ដែលមានស្រាប់ ក៏ដូចជាបង្កើតឲ្យមានច្បាប់ថ្មីៗបន្ថែម។

ក្នុងនាមប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីអាចឈានដល់ការបញ្ចប់សកម្មភាពនៃរបៀបវារៈទីក្រុងដូហា ដែលពុំទាន់បានអនុវត្តន៍ពេញលេញនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅក្រោមក្របខណ្ឌអង្គការ WTO៕