Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល, ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរណាស់

19-10-2017 14:38

(ព្រះសីហនុ)៖ ក្រោយពីវីដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល​ ជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។

ជំនួសមុខឲ្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ឧត្តមនាវីឯក អ៊ុក សីហា បានប្រកាសយ៉ាងដូច្នេះ ថា «យើងខ្ញុំទាំងអស់គ្នា ជា​កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ទាំងអស់ សូមធ្វើការប្រកាស ប្រឆាំងដាច់ខាតរាល់សកម្មភាពញុះញង់របស់ពួកអគតិ ដែល ប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល ទោះជាក្នុងកាលៈទេសៈណា ក៏ដោយ យើងខ្ញុំស្មោះត្រង់ដាច់ ខាតចំពោះជាតិ ចំពោះរដ្ឋាភិ បាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពួកយើង ស្រឡាញ់សម្តេចតេជោ ព្រោះ សម្តេចជាអ្នកស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ខុសពី សម រង្សី និង កឹម សុខា ដែលចេះតែញុះញង់ធ្វើឲ្យខ្មែរបែកបាក់»។

ឧត្តមនាវីឯក អ៊ុក សីហា បានបញ្ជាក់ទៀតថា កងទ័ពជើង ទឹកមូលដ្ឋានសមុទ្រ ប្តេជ្ញារក្សាសុខសន្តិភាពជូនជាតិមាតុភូមិ ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីវីដេអូមួយទទួលបានពីមន្រ្តីរដ្ឋាភិបាល ជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី បានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទីោ៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ (សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី)៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក​៕