(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្នើឲ្យលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យជួសជុលផ្លូវជាតិលេខ៤ ដែលរងការខូចខាតឲ្យបានឆាប់រហ័ស ក្រោយស្ថានភាពទឹកដកនៅតាមផ្លូវមួយចំនួន ស្រកអស់រួចរាល់ទាំងស្រុង។ សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បីនឹងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសម្រួលដឹក ជាកំពង់ផែ ជាព្រលានយន្ដហោះ ការផ្គត់ផ្គង់អគ្គិសនី និងបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើប្រទេសកម្ពុជា មិនមានផ្លូវថ្នល់ល្អ គ្មានកំពុងផែល្អ គ្មានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ គ្មានព្រលានយន្ដហោះល្អ គឺលំបាកក្នុងទាក់ទាញឲ្យគេមិនវិនិយោគ និងទស្សនកិច្ចនៅកម្ពុជាណាស់។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៥,២១១នាក់ នៅតំបន់កំបូល ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សូមឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ឃួង ស្រេង ពិនិត្យមើលផងប៉ុន្ដែលូវវានៅទឹក ផ្លូវដែលមកនេះខូចខាតប្រហែលជាគួរសមហើយ ល្មមដល់ពេលដែលយើងត្រូវជួសជុលហើយ»។
សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា នៅឆ្នាំនេះមានភ្លៀងច្រើន ហើយតម្រូវការនៃការដឹកជញ្ជូនច្រើន ដូច្នេះតម្រូវការជួសជុលនៅផ្លូវជាតិលេខ៤ នៅតំបន់ដែលមានការខូចខាត គឺត្រូវធ្វើឲ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការងារដឹកជញ្ជូន និងវិស័យផ្សេងៗទៀត៕