(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអញ្ជើញបើកវគ្គ បណ្តុះបណ្តាលស្តីពី ជំនាញភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងដល់ស្ត្រី ដល់មន្ត្រីរាជការ នៃមន្ទីរកិច្ចការនារីចំនួន៦ខេត្ត ដោយមានការ ចូលរួមពីសំណាក់លោកស្រី សោ មន្នីរត្ន័ អភិបាលរងខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកិច្ចការនារីទាំង៦ខេត្ត ក្រុង រួមមាន៖ រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោសាធន៍ ខេត្តសៀមរាម និងខេត្តកោះកុង នៅមន្ទីរកិច្ចការនារីខេត្តកោះកុង។
លោកស្រី ឃឹម ចំរើន បានថ្លែថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយក ចិត្តទុកដាក់ ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីតាមរយៈការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដើម្បីកណើន ការងារ សមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជាដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ បានចាត់ទុកថាស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។
លោស្រី បានបន្តថា ដូច្នេះសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកអនុវត្តតាមគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានល្អ ដោយផ្តោតលើភាពអង់អាចដល់ស្រ្តីគ្រប់រូប ត្រូវខិតខំសិក្សារៀនសូត្រឲ្យមានចំនេះជំនាញដើម្បីក្លាយខ្លួនជាអ្នកដឹកនាំត្រូវរក្សា សុខភាពឲ្យមាំមួន ត្រូវការការពារច្បាប់ស្រ្តីមិនឲ្យរំលោភបំពានបានឡើយត្រូវបង្កើត ការចូលរួមគ្រប់សកម្មភាពក្នុងវិស័យសាធារណៈ ឲ្យបានផុលផុសត្រូវយល់ដឹង ពីស្ថានភាពនៃការការពារគ្រោះថ្នាក់ទឹកជំនន់។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា មន្រ្តីរាជការមានភាពជាអ្នកដឹកនាំល្អត្រូវចេះដឹកនាំខ្លួនឯង និងគ្រួសារជាមុនសិន ត្រូវធ្វើជា មាតាបិតាដល់ មន្រ្តីក្រោមឱវាទចាត់ទុកជាកូនចៅ ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ ចេះអធ្យាស្រ័យ អត់ម្មត់ដើម្បីដឹកនាំទទួលបាន ប្រសិទ្ធិភាពសំដៅលើកកំពស់សមភាពយេនឌ័រឲ្យបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
ទន្ទឹមនឹងនេះលោកស្រី ក៏បានសំនូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រឲ្យបានផុលផុសពីគ្រូបង្គោល ដើម្បីដកបទ ពិសោធន៍ និងយកចំនេះដឹងទាំងនេះយកទៅអនុវត្ត ឲ្យមានប្រសិទ្ធិភាពជាពិសេសត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អដើម្បីអនុវត្ត កិច្ចការការងារ របស់មន្ទីរនីមួយៗ ឲ្យទទួលបានជោគជ័យ៕