Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ៦គ្រួសារ រស់នៅស្រុកចំការលើ ខេត្តកំពង់ចាម អំពាវនាវសូមឲ្យសម្ដេច ហ៊ុន សែន ជួយទាមទារដីមកវិញ ដែលអាជ្ញាធរស្រុកចំការលើ ខ្ចីយូរឆ្នាំមកហើយ

18-10-2017 14:04

(កំពង់ចាម)៖ ប្រជាពលរដ្ឋចំនួន៦គ្រួសារ មានទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានអំពាវនាវសូមឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួយដោះស្រាយយកដីរបស់ខ្លួនមកវិញដែលដីនោះ អាជ្ញាធរស្រុកចំការលើ បានខ្ចីពួកគាត់តាំងពីឆ្នាំ១៩៧៩ ហើយបែរជារហូត មកដល់បច្ចុប្បន្ន នៅតែមិនព្រមប្រគល់ដីនោះ មកឲ្យពួកគាត់វិញ។

ក្នុងលិខិតសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋបានរៀបរាប់ថា ក្នុងកំឡុងឆ្នាំ១៩៧៩ ដោយខ្វះកន្លែងឲ្យកងទ័ពវៀតណាម ស្នាក់នៅពេលនោះ អាជ្ញាធរស្រុកចំការលើ ដែលមាន មេភូមិ មេឃុំ និងលោក ជឹម ឈាវ អតីតអភិបាលស្រុក បានសុំខ្ចីដីពីពួកគាត់ ដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់កងទ័ព។

ក្នុងលិខិតបានបន្ដថា លុះរហូតមកដល់ឆ្នាំ១៩៨៤ ប្រទេសស្ងប់ពីសង្គ្រាមពួកគាត់ បានស្នើសុំអាជ្ញាធរ ចូលរស់នៅកន្លែងដីនោះវិញ។ ប៉ុន្តែពេលនោះ ខាងអាជ្ញាធរ បានប្រាប់ថា មិនមានមន្ទីរស្រុកទេ រងចាំធ្វើមន្ទីរស្រុកបានសិន ចាំដោះស្រាយប្រគល់ដីឲ្យពួកគាត់វិញ។ លុះបន្ទាប់មក រហូតដល់អាជ្ញាធរស្រុក បានសង់សាលាស្រុកបានហើយ ពួកគាត់បានស្នើសុំម្តងទៀត ស្រាប់តែអាជ្ញាធរស្រុក ប្រាប់ថា ដីនោះ ទាល់តែមន្ត្រីរាជការទើបចូលនៅបាន។

ដូច្នេះការរំលោភសេចក្តីទុកចិត្តនេះ ធ្វើឲ្យពួកគាត់ បានធ្វើលិខិតតវ៉ាជាញឹកញាប់ ប៉ុន្តែខាងអាជ្ញាធរស្រុក មិនបានដោះស្រាយឲ្យទេ អាស្រ័យហេតុនេះ ទើបពួកគាត់បានធ្វើលិខិត សុំអន្តរាគមន៍ពីសម្តេច ហ៊ុន សែន ដើម្បីជួយពួកគាត់៕