(ព្រះសីហនុ)៖ ក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៥នាក់ រួមជាមួយវត្ថុតាងសម្រាប់ជក់ និងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្រ្កាបបាន កាលពីវេលាម៉ោង២២៖២៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
ការចុះប្រតិបត្តិការបង្ក្រាប ក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀន ទាំង៥នាក់ខាងលើនេះដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរង ដឹកនាំបញ្ជាកម្លាំងមន្ទីរយុត្តិធម៌ចំនួន៧នាក់ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
បើតាមមន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នេះ ១៖ ឈ្មោះ ឡៅ សេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ជ្រូកខ្វៃ, ២៖ ឈ្មោះ សេង រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ជ្រូកខ្វៃ, ៣៖ ឈ្មោះ សុខ រិទ្ធិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ, ៤៖ ឈ្មោះ គឹម តារ៉ាវិច្ឆ័យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ, ៥៖ ឈ្មោះ ម៉ម សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ក្នុងនោះវត្ថុតាងដែលកម្លាំងអាវុធហត្ថដកហូតបានរួមមាន៖ ម្សៅសថ្លា៨កញ្ចប់ធំ, ថ្នាំគ្រាប់ពណ៌ខៀវ (MDMA) ១៥គ្រាប់, ថ្នាំគ្រាប់ពណ៌ទឹកសណ្តែក(MDMA)១០គ្រាប់, ថ្នាំគ្រាប់ពណ៌ក្រហមត្នោត (MethamphetamineTablet)៩គ្រាប់, ដបជក់២, ទូរស័ព្ទដៃ៤, ដែកកេះ៥, កាំបិត១, លុយខ្មែរ១៥០,០០០រៀល, លុយដុល្លារ ៣០$។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងបន្តនិតិវិធី៕