(ភ្នំពេញ)៖ អង្គវេទិកាបានប្រកាស កំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃកិច្ចសហប្រតិប្តិការទេសចរណ៍រវាងចិន និងសហភាពអឺរ៉ុប (China-EU Tourism Year 2018) ដើម្បកសាងភាពជាដៃគូ សហប្រតិបត្តិការទេសចរណ៍ដ៏យូរអង្វែងរវាងចិន និងសហភាពអឺរ៉ុប នៅក្នុងពិធីបិទជាផ្លូវការណ៍វេទិកាសេដ្ឋកិច្ចទេសចរណ៍សកល នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម Dr. Choi Sai On នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ លោក Ho Hau Wah អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក Alexis Tam អគ្គលេខាធិការទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ លោក Taleb Rifai អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក។

លោក Alexis Tam អគ្គលេខាធិការសម្រាប់កិច្ចការសង្គម និងវប្បធម៌នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងជាអគ្គនាយកប្រតិបត្តិប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចទេសចរណ៍សកល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៃបណ្តាប្រទេសទាំងអស់ ដែលបានរួមគ្នាធ្វើឲ្យវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលលើកទី៦ ឆ្នាំ២០១៧នេះ បញ្ចប់ដោយផ្លែផ្កាសម្រាប់ចិន និងប្រទេសទាំងអស់ ដែលធ្វើឲ្យម៉ាកាវក្លាយជាទីតាំងស្នូលតភ្ជាប់ចិនជាមួយអឺរ៉ុបកណ្តាល និងអឺរុបខាងកើតទាំង១៦ប្រទេសប្រកបដោយជោគជ័យ និងបង្ហាញចក្ខុវិស័យបន្តឆ្ពោះទៅកសាងភាព ជាដៃគូសហប្រតិបត្តិការទេសចរណ៍រវាងចិន និងសហភាពអឺរ៉ុបទាំងមូលនៅឆ្នាំ២០១៨។

លោក Alexis Tam ក៏បានបង្ហាញទិសដៅបន្ត ដើម្បីជំរុញវឌ្ឍនភាពនៃវេទកានេះឲ្យវិវត្តទៅជាវេទិកាអន្តរជាតិកាន់តែជឿនលឿនក្នុងការកសាងបណ្តាញអន្តរជាតិដ៏យូរអង្វែងសម្រាប់ភាពជាដៃគូរដ្ឋ និងឯកជន ដែលនឹងរួមគ្នារៀបចំកិច្ចប្រជុំកំពូលធុរកិច្ចមួយទៀត នៅម៉ាកាវ ក្នុងឆ្នាំ២០១៩ ។

ក្នុងបរិការណ៍នេះ តំណាងសហភាពអឺរ៉ុបនៅទីក្រុងហុងកុង បានលើកឡើងថាសហគមន៍អឺរ៉ុបបានតម្រង់ទិសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយចិន ហើយចាត់ទុកចិនជាផ្នែកមួយនៃអនាគតរួមគ្នា ពោលគឺសហគមន៍អឺរ៉ុបបង្ហាញពីចន្ទៈវិនិយោគទំនាក់ទំនងជាមួយចិនដ៏យូរអង្វែង ហើយអឺរ៉ុបបាន និងកំពុងកំណត់គោលដៅទសចរណ៍ របស់ខ្លួនសម្រាប់ចិន។ សហភាពអឺរ៉ុប ក៏បានបង្កើតគោលនយោបាយទេសចរណ៍របស់ខ្លួនស្របតាមអភិក្រម «ត្រៀមជាស្រេចដើម្បីចិន Ready for China» ដោយផ្តោតលើការ ផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខ្លួនមកកាន់ទីផ្សារចិន បង្កើនគុណតម្លៃនៃបទពិសោធន៍នៃការធ្វើដំណើរ និងទេសចរណ៍ ព្រមជាមួយនិងការផ្តល់កាលានុវត្តភាពនានា ដើម្បីជំរុញកិច្ចសហប្រតិប្តិការសេដ្ឋកិច្ច បង្កើតឲ្យមានកញ្ចប់លើកទឹកចិត្តដើម្បីធ្វើឲ្យមានវឌ្ឍនភាពលឿនសម្របសម្រួលទិដ្ឋាការរវាងសហភាពអឺរ៉ុប និងចិន និងការតភ្ជាប់ផ្លូវអាកាសបន្ថែមទៀតរវាងសហភាពអឺរ៉ុប និងចិន។

ជាងនេះទៅទៀត លោកស្រី Pan Sy Ho អគ្គលេខាធិការនៃវេទិកាសេដ្ឋកិច្ចសកល មានសុធិនិយមចំពោះអ្វីដែលសម្រេចបាននៅក្នុងវេទិកានេះ ពិសេសបានគុណតម្លៃដ៏ប្រពៃ នៃកិច្ចសហប្រតិបត្តិការតំបន់ដើម្បីកំណើនរួមគ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ លោកស្រីថា អ្វីត្បិតតែក្នុងដំណាក់កាលនេះ វេទិកានេះនៅមិនទាន់មានតុល្យភាព១០០% នៃផលប្រយោជន៍ រួមគ្នាសម្រាប់បណ្តាប្រទេសសមាជិកក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងវិថីនៅឡើយក្តី ប៉ុន្តែលោកស្រីគូសបញ្ជាក់នូវទស្សនទាន នៃចិនម្រាប់ទាំងអស់គ្នា និងទាំងអស់គ្នាដើម្បី ការរីកចំរើនជាមួយចិន ដើម្បីកំណើន និងទទួលផលរួមគ្នានៅក្នុងប្រព័ន្ធឧស្សាហកម្មទេសចរណ៍សកលដោយគោរពគោលការណ៍កិច្ចការពារបរិស្ថាន (Industry eco-system)៕