(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានស្នើឲ្យ រដ្ឋមន្រ្ដីក្រសួងការបរទេសសិង្ហបុរី លោកបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន ឲ្យពិចារណាការនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ដែលរួមមាន អង្ករ ម្រេច ស្វាយ ទៅលើទីផ្សារសិង្ហបុរី និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញនូវការពេញចិត្ត លើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងលើវិស័យប្រេងកាត សម្រាប់ការអភិវឌ្ឍវិស័យប្រេងក្នុងដែនសមុទ្រ ក្នុងប្លុក A រវាងកម្ពុជាង និងក្រុមហ៊ុនសិង្ហបុរី KrisEnergy។ លោក ប្រាក់ សុខុន ក៏ស្នើឲ្យសិង្ហបុរី ពង្រីកការវិនិយោគបន្ថែម ក្នុងវិស័យដែលមានសក្ដានុពលផ្សេងៗទៀតផងដែរ។
ក្នុងនោះរដ្ឋមន្រ្ដីទាំងពីរ បានកត់សម្គាល់លើកំណើន នៃចំនួនភ្ញៀវទេសចរ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងជម្រុញការប្រាស័យ ទាក់ទងរវាងប្រជាជនទាំងពីរ។ លោក ប្រាក់ សុខុន បានផ្ដល់យោបល់ថា ប្រទេសទាំងពីរគួរតែពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរស៊ីវិលផងដែរ។
លើកពីនេះទៅទៀតនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសង្ហបុរី ចំពោះការទទួលយកពលករកម្ពុជា និងសង្ឃឹមថា ប្រទេសសិង្ហបុរី នឹងនៅតែបន្តស្វាគមន៍ពលករកម្ពុជាបន្ថែមទៀត។
សូមជម្រាបថា រដ្ឋមន្រ្ដីក្រសួងការបរទេសសិង្ហបុរី លោកបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន បានដឹកនាំប្រតិភូមមកពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ គឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ដោយលោកបានចូលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជា លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពិសាអាហារពេលល្ងាចរៀបចំដោយ លោករដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ ផងដែរ៕