Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូល នាំរថយន្តពិសោធន៍ចល័ត ចុះពិនិត្យគុណភាពទំនិញនៅផ្សារសាមគ្គី ហ៊ុយគាំង ខេត្តសៀមរាប, ជាលទ្ធផល រកមិនឃើញសារធាតុគីមីនោះឡើយ

18-10-2017 12:09

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោក គឹម មាសសុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានដឹកនាំមន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប និងមន្រ្តីនៃនាយកដ្ឋានមន្ទីរពិសោធន៍ ដែលបាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះមកពិនិត្យគុណភាពទំនិញនៅក្នុងផ្សារសាមគ្គី ហ៊ុយគាំង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីទើបបញ្ចប់បេសសកម្មចុះពិនិត្យគុណភាពទំនិញនៅខេត្តឧត្តរមានជ័យរួចមក។ សកម្មភាពត្រួតពិនិត្យទំនិញនេះ ក៏មានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងគណៈគ្រប់គ្រងផ្សារផងដែរ។

ពេលចុះពិនិត្យនោះ ទំនិញចំនួន៤៧មុខ ត្រូវបានយកមកពិសោធន៍ពិនិត្យគុណភាព និងវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។ ជាលទ្ធផលផលិតផលដែលពិនិត្យទាំង៤៧មុខនេះ គីមានអនុលោមភាព សុវត្ថិភាពទាំងអស់ ដែលរួមមាន៖ បន្លែច្រើនប្រភេទ ស្ករត្នោត ប្រហិតសាច់ សាច់ ផ្អក ប្រហុក សរសៃគុយទាវ មី លត ប្រភេទជ្រក់ ជាដើម។

លោកអគ្គនាយករង បានហៅការចុះត្រួតពិនិត្យគុណភាពទំនិញតាមព្រំដែន និងតាមទីផ្សារនេះ គឺជាការខិតខំមួយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ លោកបន្ថែមថា រាល់ការចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនេះ តែងតែមានការគាំទ្រទាំងស្មារតី និងសំភារៈពីសំណាក់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល ដែលលោកតែងតែខិតខំជម្រុញបន្ថែម ធ្វើយ៉ាងណា ដើម្បីឲ្យការងារត្រួតពិនិត្យធ្វើឡើងជាប្រចាំ ទាំងនៅមាត់ច្រកព្រំដែន ទាំងនៅលើទីផ្សារទូទាំងប្រទេស ដើម្បីធានាឲ្យបាននូវសុវត្ថិភាពផ្នែកម្ហូបអាហារជូនប្រជាពលរដ្ឋ ព្រមទាំងកសាងបាននូវទំនុកចិត្ត ពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងពីភ្ញៀវទេសចរណ៍ផងដែរ ។

ក្នុងនាមជាមន្រ្តីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលជាសេនាធិការ របស់ក្រសួងពាណិជ្ជកម្ម នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើសកម្មភាពចុះទៅពិនិត្យគុណភាពទំនិញនៅលើទីផ្សារ និងតាមព្រំដែន ធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបានខ្ពស់នូវការចរាចរណ៍ទំនិញខូចគុណភាព ឬ មានសារធាតុគីមីហាមឃាត់នោះ។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករ ទាំងអស់ កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់ ។ ចំពោះអ្នកទិញ មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀបនៃការជ្រើសរើសផលិតផលមានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង ។ល៕