(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោក ហៃ ហ៊ុនឡេង អនុប្រធាន NEA បានរំពឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧ លើកទី៧ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នឹងមានអ្នកចូលរួមទស្សនាជាង៣ម៉ឺននាក់ ជាមួយឱកាសការងារគ្រប់ប្រភេទ២ម៉ឺនមុខតំណែង។
សន្និសីទសារព័ត៌ខាងលើ ធ្វើឡើងដោយមានការចូលរួមពីលោក កាំង មូនីកា អគ្គលេខាធិការរង នៃសមាគមនិយោជក រោងចក្រកាត់ដេរកម្ពុជា (GMAC) លោក ងួន សុភៈ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងតំណាគ្រឹះស្ថានការងារមួយចំនួនទៀត។
លោក ហៃ ហ៊ុនឡេង បានថ្លែងយ៉ាងដូច្នេះថា «ពិព័រណ៍ធំនេះ ត្រូវបានរំពឹងថា មានអ្នកចូលរួមទស្សនាជាង៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ»។
លោកបន្តថា សម្រាប់ឆ្នាំ២០១៧នេះ ឱកាសការងារគ្រប់ប្រភេទប្រមាណ២ម៉ឺនមុខតំណែង ដែលផ្ដល់ដោយក្រុមហ៊ុនធំៗជាង១២០ មកពីវិស័យសំខាន់ៗ ដូចជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជនជាដើម នឹងត្រូវបានតាំងបង្ហាញ នៅក្នុងបញ្ជរសរុបចំនួន ២១៦ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៧ ខាងមុខនោះ នៅអគារពិព័រណ៍កោះពេជ្រ។
លោកបន្តទៀតថា ក្រៅពីទទួលបានការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយ ក្នុងការជ្រើសរើសកម្លាំង ពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។
បន្ថែមលើនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧នេះ នឹងចូលរួមលើកកម្ពស់ការយល់ដឹងពីផលិតភាព របស់កម្មករនិយោជិត តាមរយៈការបង្ហាញ អំពីវិធីសាស្ត្របំពេញការងារ គំនិតច្នៃប្រឌិតថ្មីជំនាញបច្ចេកវិទ្យា និងឧបករណ៍ដែលការបង្កើតប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការងារ ឬអាជីវកម្មឲ្យកាន់តែប្រសើរ។ វាគ្មិនជាតិ-អន្តរជាតិល្បីៗនឹងចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អលើប្រធានបទ ពាក់ព័ន្ធការបង្កើនផលិតភាព ប្រកបដោយភាពជោគជ័យកន្លងមក។
លោក ហ៊ុនឡេង បានបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧ គឺជាការជំរុញយន្តការវេទិកា ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា ជាពិសេសសំដៅផ្ដល់ឱកាសទូលំទូលាយ ដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញឲ្យទទួលបានការងារកាន់តែប្រសើរ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។ លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារ ព្រមទាំងបង្កភាពងាយស្រួលដល់យុវជន ដែលត្រូវឈានចូលទីផ្សារការងារ ក្នុងការទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោក កាំង មូនីកា បានបញ្ជាស់ថា ដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើតផលិតភាពយុវជនសិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ កុំភ្លេចយកប្រវត្តិរូបសង្ខេបមកជាមួយ ដើម្បីដាក់ពាក្យស្នើសុំការងារ ដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម។
ទោះយ៉ាងណា លោក ងួន សុភៈ បានឲ្យដឹងថា ស.ស.យ.ក រាជធានីភ្នំពេញ បាននិងកំពុងផ្សព្វផ្សាយព័ត៌មានអំពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧នេះ ទៅដល់យុវជនជាបណ្ដើរៗហើយ ដើម្បីកៀរគរពួកគេឲ្យចូលរួម ក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ។
សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ អ្នកដែលស្វែងរកការងារធ្វើតាមរយៈ NEA មានចំនួនជាង១៥,០០០នាក់ ភាគច្រើនជានិស្សិតជិតបញ្ចប់ការសិក្សា យុវជនឈានដល់វ័យធ្វើការ និងអ្នកផ្លាស់ប្ដូរការងារ ក្នុងនោះ NEA បានបញ្ចូនពួកគេទៅឲ្យគ្រឹះស្ថានការងារ ហើយទទួលបានការងារធ្វើប្រមាណ ៣០% ហើយដែរ។ សម្រាប់ឱកាសការងារដែលក្រុមហ៊ុនតាំងបញ្ជរនៅ NEA នាពេលបច្ចុប្បន្ននេះ មានជិត៤ម៉ឺនឱកាសការងារ៕