(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងលោកស្រី អេនជេឡា ខខូរ៉េន (Angela Corcoran) ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នឹងអញ្ជើញចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ស្ដីពីការបង្ដើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្ដមមន្ដ្រី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់កម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់អូស្រ្ដាលី។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈនេះ នឹងកំណត់នូវជំហានថ្មីមួយ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហកាប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ ដោយឈរលើគោលការណ៍សមភាព មានផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។
សេចក្ដីជូនព័ត៌មាន បានបន្ថែមទៀតថា ការបង្ដើតឲ្យមានកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្ដមមន្ដ្រីរវាងក្រសួងការបរទេសទាំងពីរ នឹងជួយសម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យនយោបាយ សន្ដិសុខ សេដ្ឋកិច្ច និងវប្បធម៌៕