(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងឡានដឹកម៉ាស៊ីនបោកស្រូវ បុកជាមួយឡានដឹកកម្មករ បណ្តាលឲ្យកម្មករចំនួន៣៧នាក់រងរបួស ក្នុងនោះរបួសធ្ងន់ចំនួន០២នាក់ (ដាច់ដៃ) និងបណ្តាលឲ្យកម្មករម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បេឡាជាតិរបបសន្ដិសុខសង្គម ដែលហៅកាត់ថា ប.ស.ស បានផ្ដល់ប្រាក់ឧបត្ថម្ភ និងចេញថ្លៃសោហ៊ុយផ្សេងៗ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ សមត្ថកិច្ចពាក់ព័ន្ធ បានឲ្យដឹងថា បង្កឡើងដោយឡានដឹកម៉ាស៊ីនបោកស្រូវ បើកក្នុងទិសដៅផ្ទុយគ្នា បានបុកនឹងគៀររថយន្តដឹកកម្មករតែម្តង។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 2AG-8695 បានរត់គេចខ្លួនបាត់។
បើតាមលោក ជាវ ប៊ុនរិទ្ធិ អ្នកនាំពាក្យ ប.ស.ស បានប្រាប់មកអង្គភាព Fresh News បានឲ្យដឹងថា ខណៈនេះ មន្ត្រី ប.ស.ស កំពុងធ្វើការសម្របសម្រួល នឹងបញ្ចូនជនរងគ្រោះទៅសង្គ្រោះ នៅគ្លីនិក ជា សុលឹម ចំនួន៧នាក់ និង២៩នាក់ទៀត ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅតាមភូមិ។ ដោយឡែកជនរងគ្រោះរបួសធ្ងន់ ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុសុមៈ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទុយ រិទ្ធិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃស្រួល ឃុំអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះ បម្រើការងារនៅរោងចក្រ QUANTUM CLOTHING (COMBODIA) LIMITED. ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ជាវ ប៊ុនរិទ្ធិ បានបន្តទៀតថា ជនរងគ្រោះ ត្រូវទទួលបានគោលរបបសន្តិសុខសង្គម ពីបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្រាក់សោហ៊ុយបូជាសព ចំនួន៤លានរៀល, ផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រពន្ធ និងកូនជនរងគ្រោះ៕