(ភ្នំពេញ)៖ សពតារាចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានបូជារួចហើយ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយការស្រែកទ្រហោយំខ្លាំងៗ គួរឲ្យអាណិតអាសូរយ៉ាងពន់ពេក និងសង្វេគបំផុតពីសំណាក់ម្ដាយបង្កើត កូនប្រុសដ៏គួរឲ្យស្រឡាញ់ទាំង២នាក់ សាច់ញាតិ បងប្អូន ព្រមទាំងមិត្តរួមអាជីពជាច្រើននាក់ ហើយសូម្បីតែពុទ្ធបរិស័ទក៏ដូចជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរនោះ ក៏ទប់ទឹកភ្លែកមិនបានផង។
សូមជម្រាបថា អំពើឃាតកម្មបាញ់សម្លាប់ចំនួន៣គ្រាប់ លើតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងគឺជាប្ដីរបស់ស្ដ្រីរងគ្រោះតែម្តង បច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន ហៅម៉ៅ អាយុជិត៥០ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ។
លោក មាស រិទ្ធី អគ្គនាយករង នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស ធ្លាប់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់តារាចម្រៀង សាន ស្រីឡៃ គឺជាប្តីរបស់ខ្លួន ដែលករណីឈានដល់ការបាញ់ប្រហារនេះកើតឡើង ដោយសារភ្លើងប្រច័ណ្ឌ៕