(ភ្នំពេញ)៖ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលមាននាយឧត្តមសេនីយ៍ ខៀវ សុភ័គ ជានាយខុទ្ទកាល័យ និងជាប្រធានក្រុមគ្រប់គ្រងទីប្រឹក្សា និងជំនួយការ បានចេញមកព្រមានចាត់វិធានការ និងដកតំណែងទីប្រឹក្សាទាំងឡាយណា ដែលយកតំណែងទីប្រឹក្សា ជំនួយការទៅប្រព្រឹត្តអំពើខុសច្បាប់ ឬប៉ះពាល់ដល់ថ្នាក់ដឹកនាំ។
តាមលិខិតដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ដែលចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា «ខុទ្ទកាល័យក៏បានទទួលព័ត៌មានខ្លះមកថា មានទីប្រឹក្សា និងជំនួយការមួយចំនួនតូច មិនបានបំពេញភារកិច្ចឲ្យបានល្អ ហើយថែមទាំងបានប្រើប្រាស់តួនាទីនេះ ធ្វើសកម្មភាពអសកម្មនានា ដូចជា រត់ការ កាងអំពើល្មើសផ្សេងៗ ឬអន្ដរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ច ក្នុងគោលបំណងស្វែងរកផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន ដែលជាអំពើធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្តិនាមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម»។
«ខុទ្ទកាល័យ សូមស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសកម្មនានាទាំងអស់នេះ ក្នុងករណីនៅមានអ្នកប្រព្រឹត្តតទៅទៀត ខុទ្ទកាល័យនឹងបន្ដអនុវត្តជាក់ទណ្ឌកម្មតាមវិន័យរដ្ឋបាល ឬក្នុងករណីធ្ងន់ធ្ងរនឹងគោរពស្នើសុំយោបល់ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ដើម្បីបញ្ចប់មុខតំណែង បណ្ដេញចេញពីក្របខ័ណ្ឌ ឬបញ្ជូនទៅតុលាការធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន»៕