(ភ្នំពេញ)៖ មហាជនបានសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអសីលធម៌ជាទីបំផុតរបស់មន្ត្រីនគរបាលកោសល្យវិច័យមួយចំនួន ដែលបានថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ ចែកចាយពេញគ្រុប និងបណ្ដាញទំនាក់ទំនងសង្គម Facebook ក្រោយពេលធ្វើកោសល្យវិច័យរួច។
កំហឹងមហាជនចំពោះមន្ត្រីនគរបាលកោសល្យវិច័យមួយចំនួន ត្រូវបានផ្ទុះឡើងយ៉ាងខ្លាំង ក្រោយពេលពួកគាត់បានយកសពតារាចម្រៀង សាន ស្រីឡៃ ទៅធ្វើកោសល្យវិច័យតាមនីតិវិធីច្បាប់ ប៉ុន្តែក្រោយពេលធ្វើកោសល្យវិច្ច័យរួចហើយ ក្រុមមន្ត្រីកោសល្យវិច័យដែលគ្មានសីលធម៌ និងគ្មានក្រមសីលធម៌ក្នុងខ្លួនទាំងនោះ បែរជានាំគ្នាថតរូបភាពអាក្រាត ២-៣ប៉ុស្តិ៍ ផ្នែកខាងមុខរបស់សព ហើយក៏បង្ហោះចែកចាយគ្នាមើលពេញទឹកពេញដីក្នុងគ្រុបយ៉ាងសប្បាយទៅវិញ។
មហាជនបានបន្តរិះគន់ថា នេះគឺជាសពរបស់មនុស្ស មិនមែនខ្មោចសត្វ ឬរុក្ខជាតិនោះទេ ទោះបីមនុស្សបានស្លាប់ទៅហើយក្ដី ក៏នៅមានសិទ្ធិជាឯកជនតាមច្បាប់នៅឡើយដែរ មិនមែនអាចឲ្យនរណា ឬមន្ត្រីណាម្នាក់មកថតរូបអាក្រាតកាយ ហើយបង្ហោះចែកគ្នាមើលគ្មានសីលធម៌ក្នុងខ្លួនយ៉ាងដូច្នេះទេ នេះជាការបំពាន និងអសីលធម៌ជាទីបំផុត។
ជាមួយនឹងការខឹងសម្បារ និងការថ្កោលទោសនេះ មហាជនទូទៅក៏បានអំពាវនាវយ៉ាងទទូចឲ្យស្ថាប័នមានសមត្ថកិច្ច តាមស្វែងរកមន្ត្រីកោសល្យវិច័យដែលថតរូបនោះ យកមកផ្ទន្ទាទោសតាមច្បាប់ ដើម្បីឲ្យសមនឹងទង្វើរបស់ពួកគេ។ មហាជនបានលើកឡើងទៀតថា គួរណាស់យល់ពីអារម្មណ៍របស់ក្រុមគ្រួសារសពតារាចម្រៀង សាន ស្រីឡៃ រួមមាន៖ ម្តាយបង្កើត ប្អូនស្រីបង្កើត កូនៗបង្កើត ទទួលអារម្មណ៍និងសម្ពាធធ្ងន់កំរិតយ៉ាង ?
* រូបភាពមិនត្រូវបានចែកចាយនៅលើគេហទំព័រនេះឡើយ៕