(ស្វាយរៀង)៖ អាជ្ញាធរឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែតុលានេះថា យ៉ាងហោចណាស់មាន ប្រជាពលរដ្ឋឃុំគគីរ ចំនួន១៩នាក់ ទីដែលសំបូរទៅដោយគ្រាប់បែកគីមី ដ៏គ្រោះថ្នាក់របស់អាមេរិក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែតុលានេះ បន្ទាប់ពីពួកគាត់មានរោគសញ្ញារមាស់លើដងខ្លួន និងមានភាពមិនប្រក្រតីនៃរាយកាយ។
ប្រភពព័ត៌មានបានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ មេឃុំគគីរ ស្រុករមាសហែក បានបញ្ជូនប្រជាជន១៩នាក់ នៅយុំគគីរ នៅតំបន់មានគ្រាប់បែកគីមី ដែលមានរោគសញ្ញា រមាសលើដងខ្លួន និងភាពមិនប្រក្រតីនៃរាងកាយ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែមន្ទីរពេទ្យទើបតែទទួលបាន១៥នាក់ គិតត្រឹមល្ងាចនេះ។ ក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ តាមដានរោគសញ្ញា និងព្យាបាល»។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ថា ប្រតិបត្តិការដោះគ្រាប់បែកគីមីរបស់អាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នឹងត្រូវចាប់ផ្តើមបន្តនៅសប្តាហ៍ក្រោយនេះ បន្ទាប់មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីរបស់ក្រសួងការពារជាតិ ផ្អាកប្រតិបត្តិការរយៈពេលខ្លី ដើម្បីប្រជុំពិភាក្សាដាក់ផែនការអនុវត្តបន្តរួចមក៕
សូមបញ្ជាក់ថា កម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរកឃើញវត្តមានគ្រាប់ បែកគីមីបន្សល់ពី សម័យសង្រ្គាមរហូតដល់ ១៥ទីតាំងហើយនៅក្នុងឃុំគគីរ។ តាមការប៉ាន់ស្មានអាចនឹងមានគ្រាប់បែកជាច្រើនទៀត បន្សល់នៅក្នុងឃុំនេះ ដែលមិនទាន់រកឃើញនៅឡើយ។
ជាមួយគ្នាក្រសួងសុខាភិបាល ក៏បានរកឃើញកុមារតូចៗ៣នាក់ផងដែរ បានរងឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក រហូតធ្វើឲ្យពួកគេកើត មកមានភាពមិនប្រក្រតីដូចជាមាត់វៀច ក្បាលធំ និងរមាស់ពេញខ្លួនជាដើម។ កុមារទាំង៣នេះ នឹងត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ក្រោមការតាមដានពិនិត្យផ្ទាល់ពីក្រសួងសុខាភិបាល។
ទន្ទឹមជាមួយការរកឃើញកុមារកើតមកមានភាពមិនប្រក្រតីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតមណ្ឌលសុខភាពមួយ នៅលើតំបន់រងការវាយប្រហារដោយគ្រាប់បែកគិមីនេះ ដើម្បីផ្តល់សេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមរំលឹកដែរថា ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម គឺជាទីតាំងទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាមួយនៅក្នុង សម័យសង្រ្គាមវៀតណាម។ គ្រាប់បែកជាច្រើនប្រភេទ រួមទាំងគ្រាប់បែកគីមីផង បានបន្សល់មកដល់ពេលបច្ចុប្បន្ននេះ។
កងកម្លាំងអាជ្ញាធរជាតិគិមី និងកងកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានបើកប្រតិបត្តិការបោសសំអាតគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងឃុំគគីរ ចាប់តាំងពីដើមខែតុលា នេះមកម្ល៉េះ។ មកដល់ពេលនេះមានគ្រាប់បែកគីមីមួយគ្រាប់ ហើយត្រូវបានយកចេញពីក្នុងដី ទៅរក្សានៅកន្លែងសុវត្ថិភាពមួយ។ កងកម្លាំងជំនាញ ក៏នឹងបន្តបោសសំអាតគ្រាប់បែកគិមីនេះ រហូតដល់ អស់ពីក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ៕