(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានប្រាប់ទៅកងទ័ពទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ១ ក្នុងខេត្តកំពង់ឆ្នាំង ឲ្យប្រឹងហ្វឹកហាត់ ដើម្បីរក្សាសន្តិសុខរបស់ជាតិ ជាពិសេសត្រូវរួមគ្នាប្រឆាំងរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការក្រើនរំលឹក និងការថ្លែងរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យមើលការហ្វឹកហាត់ និងកសាងអង្គភាពនៅកងពលតូចអន្តរាគមន៍លេខ១។
នៅចំពោះមុខកងទ័ពទាំងអស់នៅកងពលតូចអន្តរាគមន៍លេខ១ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងជំរុញឲ្យកងទ័ពទាំងអស់ ត្រូវប្រឹងប្រែងហ្វឹកហាត់បំប៉នសមត្ថភាពឲ្យបានខ្លាំងក្លា ដើម្បីការពារជាតិមាតុភូមិប្រឆាំងទប់ទល់ពីមហិច្ឆតាអាក្រក់ទាំងឡាយ។ នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់កងទ័ព ឲ្យប្រឆាំងដាច់ខាតរាល់មហិច្ឆតាអាក្រក់ទាំងឡាយ ដែលចង់ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «បងប្អូនកងទ័ពទាំងអស់ត្រូវខិតខំគោរពវិន័យកងទ័ព សាមគ្គីឯកភាពផ្ទៃក្នុង ដើម្បីឈានទៅសម្រេចរាល់ភារកិច្ចកាន់តែប្រសើរថែមទៀត។ ជាពិសេសគឺការការពាររក្សាសន្តិសុខជូនប្រទេសជាតិ ការពាររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយត្រូវប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ទោះជាតាមរូបភាពណាក៏ដោយ»។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានរំលឹកឲ្យកងទ័ពនៅកងពលមួយនេះ ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅតាមការិយាល័យដែលខ្លួនបានទៅចុះឈ្មោះចៀសវាង មានការខុសឆ្គងនៅពេលបោះឆ្នោត៕