(តាកែវ)៖ ក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ ដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីន២កន្លែង ដែលក្លែងបន្លំពាណិជ្ជសញ្ញា។
មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោម ការសម្របសម្រួលនីតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ។
ប្រភពបន្ថែមថា ចុះធ្វើការបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ គ្រឿងម៉ាស៊ីនម៉ាក Hikawa ក្លែងបន្លំពាណិជ្ជសញ្ញា លើទីតាំងចំនួន០២កន្លែង ក្នុងក្រុងដូនកែវ រួមមានទីតាំងទី១៖ ហាង ប៉ាឡុង ម៉ាក់ឡុង ផ្ទះគ្មានលេខ ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ កូ វ៉ាន់ថន ភេទស្រី អាយុ៥០ឆ្នាំ សមត្ថកិច្ចបានរកឃើញវត្ថុតាងម៉ាស៊ីនបូមទឹកខ្នាតតូចម៉ាក Hikawa ចំនួន២០គ្រឿង និងទីតាំងទី២៖ឃ្លាំងគ្មានលេខ ផ្លូវលំ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ សមត្ថកិច្ចបានរកឃើញវត្ថុតាងម៉ាស៊ីនបូមទឹកខ្នាតតូចម៉ាក Hikawa ចំនួន៧១គ្រឿង។
ក្រោយប្រតិបត្តិការវត្ថុតាងទាំងអស់ សរុប៩១គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅទីតាំងទី០២ រួចបិទប្លុមបេសៀល និងនាំម្ចាស់ទីតាំង មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី៕