(ភ្នំពេញ)៖ ខណៈករណីបាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodai រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ កំពុងតែត្រូវបានមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍ខ្លាំង ជាពិសេសបណ្ដាអ្នកសិល្បះរួមអាជីព ប៉ុន្តែទន្ទឹមនឹងនេះគេហាក់មិនទាន់បានដឹងពីប្រវត្តិពិតរបស់ខ្មាន់កាំភ្លើងដៃឆៅថា តើត្រូវជាអ្វីនឹងរូបនាងពិតប្រាកដ ដោយគេដឹងត្រឹមតែព័ត៌មានក្រៅផ្លូវការជំហ៊ានដំបូងថា ឃាតកគឺជាប្ដីរបស់នាងប៉ុណ្ណោះ។
តាមការស្រាវជ្រាវពីព័ត៌មានមួយចំនួន ដែលស្និទនឹងឃាតកនៅកន្លែងបុណ្យសព បានបង្ហើបឲ្យបណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែតុលានេះថា ខ្មាន់កាំភ្លើងដៃឆៅដែលបាញ់សម្លាប់តារាចម្រៀង សាន ស្រីឡៃ នោះឈ្មោះពិតមិនមែន ជ័យ រិន នោះទេ គឺឈ្មោះ ខៀវ ម៉ៅ ហើយក៏មិនមែនមានអាយុ៥៣ឆ្នាំដែរ គឺមានអាយុ៤៧ឆ្នាំប៉ុណ្ណោះ។
ឃាតកឈ្មោះ ខៀវ ម៉ៅ ហៅជ័យ រិន ហៅ មានបងប្អូនបួននាក់ ដែលសុទ្ធតែធ្វើគយដូចគ្នា ដោយរូបគេកើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦៤ ស្រុកកំណើត និងទីលំនៅ ភូមិតានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង មានប្រពន្ធ និងមានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ប្រុសម្នាក់ ស្រី៣នាក់ មានកំរិតជីវភាពធូរធា។ ចំណែកនាង សាន ស្រីឡៃ មិនមែនជាអតីតប្រពន្ធរបស់ឃាតកនោះឡើយ គឺជាប្រពន្ធទី២ (ប្រពន្ធចុង) ដែលជួលផ្ទះនៅភ្នំពេញរស់នៅជាមួយគ្នា រហូតដល់មុនជនដៃដល់បាញ់សំលាប់ និងធ្វើឃាតខ្លួនឯងតាមក្រោយ។
ដោយឡែកពាក់ព័ន្ធនាង សាន ស្រីឡៃ មានកូន២នាក់ គឺកូនជាមួយឃាតកដែលបាញ់សម្លាប់តែម្តង។ អ្នកទាំងពីរស្គាល់គ្នានៅប៉ោយប៉ែត ដោយសារនាងជាអ្នករស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនៅពេលនោះដែរឃាតក បានធ្វើការជាមន្រ្តីគយនៅទីនោះ តែក្រោយមកនាងមករស់នៅភ្នំពេញ ហើយក៏ក្លាយជាអ្នកចំរៀងអាជីពថ្មីៗនេះតែប៉ុណ្ណោះ។
ព័ត៌មានពីអ្នកជិតសិទ្ធិនឹងខ្មាន់កំាភ្លើងបានឲ្យដឹងថា ឈ្មោះ ជ័យ រិន គឺជាឈ្មោះទិញគេ បច្ចុប្បន្នមានតួនាទីជាជំនួយការ ប្រធានសាខាគយខេត្តកំពង់ចាម ដែលទើបទៅបំពេញការងារនៅទីនោះបានប្រមាណពីរឆ្នាំចុងក្រោយនេះ។ នៅមុនពេលលោកមកបំពេញការងារនៅកំពង់ចាម លោកធ្លាប់ធ្វើគយនៅខេត្តព្រះសីហនុ និងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកាលលោកទៅឈរជើងនៅប៉ោយប៉ែតនេះហើយ ដែលនាំឲ្យលោកមានទំនាក់ទំនងជាមួយ សាន ស្រីឡៃ ខណៈលោកមានប្រពន្ធកូនរួចទៅហើយនោះ។
ជាមួយចំណងស្នេហ៍មិនបានរៀបការ (បានត្រឹមសែនព្រេង) គេថា លោក និងនាង សាន ស្រីឡៃ មានកូនប្រុសចំនួនពីរនាក់ (អាយុ៦ឆ្នាំម្នាក់ និងអាយុ៨ឆ្នាំម្នាក់)។ យោងតាមប្រភពពីស្ថាប័នដែល លោក ជ័យ រិន ធ្វើការបានឲ្យដឹងកាលពីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ថា សពលោក ជ័យ រិន ត្រូវបានយកទៅតម្កល់ធ្វើបុណ្យនៅស្រុកកំណើត នៅភូមិតានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ដោយឡែកទាក់ទងនឹងអ្នកនាង សាន ស្រីឡៃ វិញសពបានតម្តល់នៅវត្តសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្រុមហ៊ុនហង្សមាសជាអ្នកចាត់ចែង។
អ្នករួមការងារជាមួយសពលោក ជ័យ រិន ដែលបានទៅចូលរួមបុណ្យសពនៅផ្ទះរបស់សព នាស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែតុលា នេះ បានឲ្យដឹងថា ឈ្មោះ ជ័យ រិន ជាមនុស្ស ស្ងៀមស្ងាត់ មិនសូវមាត់កច្រើននោះឡើយ ហើយគេក៏មិនសូវដឹងពីប្រវត្តិលំអិតចុងក្រោយរបស់លោកនោះដែរ ដោយមិត្តភក្ដិចិត្តដិតបានដឹងថា លោកមានប្រពន្ធដើម និងមានប្រពន្ធចុងគឺ នាងសាន ស្រីឡៃ ប៉ុណ្ណោះ។ អ្នកធ្វើការជាមួយបានអះអាងថា នៅព្រឹកមុនកើតករណីឃាតកម្មនេះ លោក ជ័យ រិន បានជិះម៉ូតូធ្វើដំណើរពីផ្ទះនៅខេត្តព្រៃវែង ទៅប្រជុំនៅអង្គភាពសាខាគយខេត្តកំពង់ចាម តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ទើបចេញ ហើយប្រាប់គេថា ទៅផ្ទះវិញហើយ (ជាទំលាប់ពេលលោកទៅអង្គភាព គឺជិះរថយន្តតែលើកនេះ គេឃើញជិះម៉ូតូ)។
ចំណែកភរិយារបស់លោកបានអះអាងថា ក្រោយប្ដីរបស់គាត់ទៅដល់ផ្ទះគឺមានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។ លុះដល់ម៉ោង២រសៀលប្ដីរបស់គាត់ក៏ទាញម៉ូតូជិះចេញដោយប្រាប់ថា ទៅភ្នំពេញតែប៉ុណ្ណោះ។ លុះដល់ព្រលប់ទើបមានអ្នកស្គាល់ទូរស័ព្ឌប្រាប់ថា ប្ដីរបស់ខ្លួនបាញ់សំលាប់ខ្លួនឯងតែម្ដងទៅ។ ចំណែកមិត្តភក្ដិចិត្តដិតម្នាក់ទៀតបានបង្ហើរឲ្យដឹងថា ចាប់តាំងពីលោក ជ័យ រិន នាំនាង សាន ស្រីឡៃ មកប្រឡងចំរៀងរហូតដល់ល្បីឈ្មោះមក ជម្លោះក៏ឧស្សាហ៏កើតមានឡើងដោយសារការប្រច័ណ្ឌ ព្រោះមុនដំបូង លោក ជ័យ រិន គ្រាន់តែចង់ឲ្យនាងមកប្រឡងដើម្បីវាស់ស្ទង់ សមត្ថភាពប៉ុណ្ណោះ មិនចង់ឲ្យនាងក្លាយជាតារាអីនឹងគេទេ តែពេលប្រឡងមានឈ្មោះល្បី បែរជានាងមិនព្រមឈប់ ហើយចង់ក្រោយក៏កើតមានជម្លោះស្ទើររាល់ថ្ងៃដោយសារសង្ស័យមានអ្នកទី៣ ចូលមកជ្រៀតជ្រែករហូតដល់នាង សាន ស្រីឡៃ មានជម្លោះកាន់តែខ្លាំងឡើងជាមួយ ជ័យ រិន រហូតដល់កើតសោកនាដកម្មបែបនេះតែម្ដងទៅ។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពកម្មវិធី «The Voice Cambodia» រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានប្តីបាញ់សម្លាប់គួរឲ្យរន្ធត់នៅក្នុងគ្លីនិក វ៉ាយតាឡុងហ្គា តាមផ្លូវ៣៦០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោងជាងបួនល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ ចំណែកខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ។ តាមរយៈកាម៉ារ៉ាវីដេអូសុវត្ថិភាពនៅក្នុងគ្លីនិក វ៉ាយតាឡុងហ្គា បានបង្ហាញថា អ្នកនាងសាន ស្រីឡៃ ត្រូវបានបាញ់ចំនួនបីគ្រាប់ ទៅលើដងខ្លួនបណ្តាលឲ្យដួលដេកបាត់បង់ជីវិត នៅក្នុងថ្លុកឈាម។ បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួចហើយ ខ្មាន់កាំភ្លើងបានបាញ់ចំសៀតផ្កាខ្លួនឯងស្លាប់ភ្លាមៗ នៅក្បែរក្បែរគ្នាតែម្ដង។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ បានចូលទៅក្នុងគ្លីនិក វ៉ាយតាឡុងហ្គា ដើម្បីកែសម្ផស្ស។ ស្រាប់តែនៅម៉ោងកើតហេតុ ក៏មានបុរសម្នាក់ដើរចូលមក ហើយដើរសំដៅទៅរកនាង រួចដកកាំភ្លើងម៉ាករ៉ូឡូ បាញ់ទៅលើនាងបណ្ដាលឲ្យនាងដួលស្លាប់ភ្លាមៗ ក្រោយមកជនដៃដល់ក៏បាញ់ក្បាលខ្លួនឯងតាមក្រោយ។
ដោយឡែកពាក់ព័ន្ធរឿងរ៉ាវនិងលំអិតយ៉ាងណាទៀតនោះ Fresh News នឹងធ្វើការស្រាវជ្រាវ យកមកចុះផ្សាយជាបន្តបន្ទាប់ទៀត នៅពេលខាងមុខឆាប់ៗខាងមុខនេះ៕