(ភ្នំពេញ)៖ ផលិតកម្ម LD Picture បានប្រារព្ធពិធីបើកសម្ពោធភាពយន្តខ្នាតធំ បែបកំប្លែងថ្មីរឿង «ថតកុន» ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្តែងរបស់នាយគ្រឿន កាលពីពេលថ្មីៗនេះ នៅរោងភាពយន្ត PRIME Cinerplex ស្ថិតក្នុងផ្សារទំនើប សុវណ្ណា ក្រោមវត្តមាន ផលិតករ និងតារាប្រុសស្រី ល្បីឈ្មោះជាច្រើនរូប។
ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានថ្លែងឲ្យដឹងថា រឿង «ថតកុន» ជារឿងកំប្លែងសើច ហើយនិយាយពីជីវិតផលិតករ ក្នុងការថតកុន ត្រូវជួបបញ្ហាសព្វបែបយ៉ាង ដែលប្រទះជាមួយបរិយាកាសទាំងអស់ មានក្នុងវិស័យសិល្បៈ តាំងពីតួសម្តែងមិនគោរពពេលវេលា និងរឿងជាច្រើនទៀត ដែលបានជួបពេលថតកុន។ រឿង «ថតកុន» នេះលោក និង នាយគ្រឿន ថតជារឿងខ្នាតធំនេះឡើងក្នុងគោលបំណង ក្រើនរំឭកដល់តួសម្ដែងមួយចំនួន តែងតែធ្វើឲ្យម្ចាស់ផលិតកម្មមានបញ្ហាឈឺក្បាលមិនចេះចប់ ដោយសារតែការមិនគោរពពេលវេលារបស់តួសម្ដែងតែម្ដង។
ចាងហ្វាងផលិតកម្មរូបនេះ បានបន្តទៀតថា រឿងនេះយើងបានរំលេចសារជាច្រើន ដើម្បីរំលឹកដល់តួសម្ដែង ទៅលើអាកប្បកិរិយារបស់ពួកគេ តួខ្លះគាត់ស៊ីតម្លៃខ្លួនថ្លៃ គេណាត់ថតម៉ោង ១ តែម៉ោង ៤ ទើបមកដល់។ ចំពោះការរំលេចសារក្នុងរឿងនេះយើងមិនសំដៅ ទៅលើតួណាម្នាក់ទេ គឺសំដៅទូទៅតែប៉ុណ្ណោះ។
ដោយឡែកសម្រាប់តារាកំប្លែង នាយ គ្រឿន ដែលបានវិវឌ្ឍខ្លួនមកក្លាយជាផលិតករ បានបញ្ជាក់ថា នេះជាស្នាដៃទី២ របស់លោកក្នុង ផលិតកម្ម LD Picture បន្ទាប់ពីរឿង «ជួបស៊យ» ដែលលោកជាអ្នកតែងនិពន្ធ។ ភាពយន្តរឿង «ថតកុន» លោកបានប្រឡូកផ្ទាល់ បើមានពាក្យណាខុសឆ្គង សូមអ្នកទស្សនាមេត្តាអភ័យទោស ទុកជាមុន។ ជាមួយគ្នានេះ ឆ្លងកាត់ការងារថតកុននេះ មិនមែនជារឿងងាយស្រួលនោះទេ ពិបាកខ្លាំងសម្រាប់ផលិតករ។ មួយរឿងនេះ គឺលោកនិពន្ធដោយផ្ទាល់ ហើយដោយសារតែលោកយល់ច្បាស់ ពីការចង់បាននៅក្នុងផ្ទៃរឿង ទើបលោកស្នើសុំដឹកនាំសម្ដែង។
នាយ គ្រឿន ក៏សំណូមពរសុំឲ្យខាងរដ្ឋាភិបាល ពិនិត្យរឿងពន្ធភាពយន្តឡើងវិញ បើអាណិតផលិតករខ្មែរ គួរយកចិត្តទុកដាក់ រឿងពន្ធកុំថ្លៃពេក ព្រោះលោកពិតជាចង់បន្តស្នាដៃកុនខ្មែរ ឲ្យកាន់តែទៅមុខ មានគុណភាពជាងនេះណាស់៕