(ប៉ៃលិន)៖ ដើម្បីពង្រឹងយន្តការច្រកចេញ-ចូលតែមួយសម្រាប់ទទួល សម្រុះសម្រួល និងដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពី «ការជ្រើសរើសតំណាងអង្គការសង្គមស៊ីវិល ធ្វើជាសមាជិកគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ» ជាមួយភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធីបតីភាពលោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សា នាយករដ្ឋបាលខេត្ត និងតំណាងអង្គការសង្គមស៊ីវិល នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន។
លោក ឡី ចាន់ឆាយ បានឲ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយអំពីការជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលនេះ ក្នុងគោលបំណងដើម្បីជ្រើសរើសតំណាងអង្គការសង្គមស៊ីវិល ធ្វើជាសមាជិកគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយនូវយន្តការច្រកចេញ-ចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង្កើតការិយាល័យប្រជាពលរដ្ឋ សម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្របខណ្ឌគតិយុត្ត ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យ នៃគោលនយោបាយផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ។
លោកបានបន្តថា ការដាក់ចេញឱ្យអនុវត្តនូវអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញ-ចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបានបន្តទៀតថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនោះ មានលទ្ធភាពក្នុងការគ្រប់គ្រងចាត់ចែងការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដើម្បីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ស្របតាមសេចក្តីត្រូវការរបស់មូលដ្ឋាន សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន។
ដើម្បីសម្រេចបានតាមគោលបំណងនៃការបង្កើតយន្តការច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ចាត់វិធានការអនុវត្ត និងត្រូវសហការជាមួយនឹងទីចាត់ការ ឬអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំតែងតាំងប្រធានអនុប្រធាន និងមន្ត្រីជួរមុខនៃការិយាល័យច្រកចេញ-ចូលតែមួយឲ្យបានរួចរាល់ ហើយរដ្ឋបាលខេត្តត្រូវរៀបចំប្រជុំជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីចាត់តាំងមន្ត្រីយ៉ាងតិច១រូបឲ្យបំពេញការងារផ្នែកជួរក្រោយ និងកំណត់ប្រភេទសេវាដែលមានភាពសាំញ៉ាំ និងនីតិវិធីនៃការផ្តល់សេវាទាំងនោះឲ្យបានល្អប្រសើរ ត្រូវពិនិត្យ និងរៀបចំទីកន្លែងផ្តល់សេវាបំពាក់សម្ភារ បរិក្ខារឱ្យបានសមស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ក្នុងអនុក្រឹត្យ និងលិខិតបទដ្ឋានជាធរមាន សម្រាប់ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ព្រមទាំងត្រៀមលក្ខណៈបើកដំណើរការជាផ្លូវការ នៅដំណាច់ឆ្នាំ២០១៧ រដ្ឋបាលខេត្តត្រូវរៀបចំបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ តាមផែនការសកម្មភាពដែលបានកំណត់ឲ្យបានរួចរាល់ ក្នុងដំណាច់ឆ្នាំ២០១៧។
ជាមួយគ្នានោះ លោក នួន គឹមឡេង ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត បានធ្វើបទបង្ហាញស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត និងបង្ហាញអំពីការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
http://image.freshnewsasia.com/2017/117/fn-2017-10-17-16-10-57-0.jpg