(ភ្នំពេញ)៖ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានកិច្ចសហការជាមួយ វិទ្យាស្ថានមេគង្គ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលមួយ ស្ដីអំពី ការលើកកម្ពស់ការយល់ដឹង ពីសុវត្ថិភាព ម្ហូបអាហារដែលពាក់ព័ន្ធទៅនឹងការ វិភាគហានិភ័យ និងប្រព័ន្ធវាយតម្លៃការត្រួតពិនិត្យ និងអធិការកិច្ច លើផលិតផលកសិម្ហូបអាហារ។

វគ្គបណ្ដុះបណ្ដាល ស្ដីអំពី សុវត្ថិភាពម្ហូបអាហារ និងការវិភាគហានិភ័យ លើផលិតផលកសិម្ហូបអាហារ ខាងលើនេះ មានការចូលរួមពីមន្ដ្រី កាំកុងត្រូល ពីសាខារាជធានី ខេត្ត-ក្រុង ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីមន្ត្រីតំណាងពីវិទ្យាស្ថានមេគង្គ ទីក្រុង Khon Kaen ប្រទេសថៃ និង វិស័យឯកជន សរុបទាំងអស់ចំនួន៦០នាក់។

គោលបំណង នៃសិក្ខាសាលានេះ គឺផ្ដោតសំខាន់ទៅលើការពង្រឹង សមត្ថភាព បច្ចេកទេសរបស់មន្រ្តី ក្នុងការអនុវត្តតាមប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារផ្អែក តាមគោលការអភិក្រមហានិភ័យ ដែលជាផ្នែកមួយ នៃការអនុវត្តកម្មវិធី បណ្ដុះបណ្ដាលរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល និងស្របទៅ តាមផែនការអនុវត្តបន្ត ដោយសហការជាមួយវិទ្យាស្ថានមេគង្គ នៅក្នុងគម្រោងសុវត្ថិភាព ម្ហូបអាហារ ដែលឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលប្រទេស ញូហ្សីឡែន៕