(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយ ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អាជ្ញាធរដែនដី បានបង្ក្រាបជនជាតិចិន៦៩នាក់ ដែលពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធ Internet។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅ០២គោលដៅ មាន០៧ទីតាំង) និងធ្វើឃាត់ខ្លួនជនជាតិចិនសរុប ៦៩នាក់ ស្រី១១នាក់ ក្នុងនោះ គោលដៅរាជធានីភ្នំពេញ ចំនួន០៦ទីតាំង ធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន៤៩នាក់ ស្រី០៩នាក់ និងគោលដៅខេត្តកណ្តល ចំនួន០១ទីតាំង ធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន២០នាក់ ស្រី០២នាក់។ ក្នុងនោះកម្លាំងនគរបាលជំនាញ ដកហូតបានវត្ថុតាង ប្រព្រឹត្តល្មើសមួយចំនួនធំ។
បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមច្បាប់៕