(ភ្នំពេញ)៖ ការងារប្រមាណ២ម៉ឺនកន្លែង នឹងផ្តល់ជូន និងបង្ហាញនៅក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដែលមានការងារគ្រប់ប្រភេទ គ្រប់មុខតំណែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើទូទៅផ្តល់ដោយក្រុមហ៊ុនធំៗ ជាង១២០។
ព្រឹត្តិការណ៍ការងារថ្នាក់ជាតិដ៏ធំ ប្រចាំឆ្នាំមួយនេះរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC)។
ក្រៅពីផ្តល់ឱកាសទទួលបានការងារភ្លាមៗ នៅមួយកន្លែង ដោយងាយស្រួល «ពិព័រណ៍ការងារ និងផលិតភាពជាតិ» នេះអាចឲ្យនិយោជកផ្សព្វផ្សាយ ពីផែនការ តម្រូវការ និងគោលនយោបាយ ក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគតដើម្បី ទាក់ទាញអ្នកស្វែងរកការងារ ធ្វើដែលមានសមត្ថភាព។ លើសពីនេះ អ្នកចូលរួមអាចទទួលបានព័ត៌មានអំពីវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលទីផ្សារ ការងារកំពុងត្រូវការនាពេលបច្ចុប្បន្ន និងការចែករំលែកបទពិសោធន៍ ជោគជ័យក្នុងអាជីព និងការងារពីសំណាក់វាគ្មិនល្បីៗ។
លោក ទ្រី គឹមឡាយ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលបានចូលរួមក្នុងពិព័រណ៍ការងារក្នុងឆ្នាំកន្លងទៅលើកឡើងថា ចាប់តាំងពីស្ថាប័នរបស់លោក ចូលរួមក្នុងពិព័រណ៍ការងារ ក៏ដូចជាវេទិកាការងារផ្សេងទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកទទួលបានបុគ្គលិកឲ្យចូលបម្រើការចំនួនជាង៥០០នាក់រួចម ហើយ។ លើសពីនេះវាអាចជួយកាត់បន្ថយការ ចំណាយផ្សេងៗ ជាពិសេសគឺអាចជ្រើសរើសបានបុគ្គលិកឆ្នើម និងមានសក្តានុពល។ ដោយឡែកសម្រាប់ឆ្នាំ២០១៧នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានតម្រូវការបុគ្គលិកបន្ថែមឲ្យចូលបម្រើការងារនៅតាមសាខានានាទូទាំងប្រទេសចំនួនជាង៣០០នាក់បន្ថែមទៀត។
ស្រដៀងគ្នានោះដែរ អ្នកស្រី ឡៅ ស្រីដែត តំណាងក្រុមហ៊ុន Cocacola Cambodia លើកឡើងថាការចូលរួមការតាំងពិព័រណ៍បានជួយលើកកម្ពស់ កិត្តិនាមរបស់ក្រុមហ៊ុនដើម្បីក្លាយជាក្រុមហ៊ុនស្ថិតក្នុងជម្រើសទី១សម្រាប់អ្នកស្វែងរកការងារ។ ពិព័រណ៍ការងារជានិច្ចជាកាលផ្តល់ឱកាស ទូលំទូលាយដល់សិស្ស/និស្សិត យុវជន និងអ្នកស្វែងការងារឲ្យបានជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុននានាដូចជា Coca Cola ជាដើមដែលតែងតែផ្តល់អាទិភាពដល់បេក្ខជនដែលមានសមត្ថភាព។
ក្នុងឱកាសនោះផងដែរ នឹងមានការបង្ហាញវត្តមានកម្មករនិយោជិតឆ្នើម ដែលមានសមត្ថភាព និងស្នាដៃការងារល្អដែលត្រូវបាន ជ្រើសរើសសម្រាំង ចេញពីការប្រកួតប្រជែងក្នុងចំណោមរោងចក្រ សហគ្រាសជាច្រើន ដើម្បីមកទទួលរង្វាន់និងលិខិតសរសើរពី ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងដៃគូសហការ។ ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ គឺជាផ្នែកមួយនៃយន្តការ វេទិកាការងាររបស់រាជរដ្ឋាភិបាលដូចបានចែងក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារ ដែលរំពឹងថានឹងមានអ្នកចូលរួមជាង៣ម៉ឺននាក់។
នៅក្នុងពិព័រណ៍នេះ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារអាចចែករំលែក និងផ្លាស់ប្តូរព័ត៌មានទីផ្សារការងារ វគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីការបង្កើនផលិតភាពការងារនៅកម្ពុជា។ ដើម្បីទទួលបានឱកាសការងារកាន់តែងាយស្រួល ស្វែងយល់ពីការអភិវឌ្ឍជំនាញ អាជីព និងការបង្កើនផលិតភាពការងារ សូមយុវជន សិស្ស/និស្សិត អ្នកស្វែងរក ការងារ កម្មករនិយោជិត និងសាធារណជនអញ្ជើញចូលរួមកុំបីខាន។ ម៉្យាងទៀត ក្រុមហ៊ុនសហគ្រាស អង្គការជាតិ និងអន្តរជាតិ ស្ថាប័នរដ្ឋ ដែលមានបំណងចូលរួមតាំងបញ្ជរក្នុងពិព័ណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០១៧នេះ។
ដូច្នេះដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីផលិតភាព សូមយុវជនចូលរួមទស្សនាឲ្យបានច្រើនកុះករ និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយផងដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមលេខទូរស័ព្ទ៖ ០១៧ ៨៧១ ៨០៧ ឬ ០៦៩ ៥៨០ ៩៣៩ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕