(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកគ្រឿងញៀន ជាមួយកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានសហការបង្ក្រាបជាបន្តបន្ទាប់ ចំពោះក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៣ករណី ឃាត់ខ្លួនបាន៦នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់តូច និង៣កញ្ចប់ធំ ហើយដកហូតបានម៉ូតូ៣គ្រឿង នៅត្រង់ចំណុចខាងមុខសាលាកសិកម្ម និងក្បែរស្ពានលេខ១ តាមបណ្ដោយផ្លូវជាតិលេខA ស្ថិតក្នុងភូមិព្រែកលៀប និងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អធិការរងមួយរូបទទួលបន្ទុកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាប ក្រុមជនសង្ស័យទាំង៦នាក់ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីប្រតិបត្តិការយាមល្បាតដាក់គោលដៅ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរផ្លូវគោក ដោយកម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌ សហការជាមួយកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណៈកំពុងបន្តសកម្មភាពនៅតាមបណ្ដោយផ្លូវជាតិលេខA ស្រាប់តែប្រទះសង្ស័យលើពួកគេ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FR-៧៣៧៦ មកដល់ក្បែរសាលាកសិកម្ម ទើបឈានដល់ការឃាត់ឆែកឆេរសួរនាំ ក្នុងជុំហ៊ានដំបូង រកឃើញថ្នាំញៀន២កញ្ចប់តូច ហើយក៍បន្តទៅត្រួតពិនិត្យភ្លាមៗ ក្នុងករណីទី២ លើជនសង្ស័យ២នាក់ទៀត និងបានដកហូតថ្នាំញៀន២កញ្ចប់តូច ដែលពួកគេជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AQ-៣៤៩៧ ទើបតែមកពីទិញ ដើម្បីយកទៅប្រើប្រាស់។

ជាមួយគ្នានោះដែរ លោក ស៉ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ ក៍បានឲ្យដឹងផងដែរថា បន្ទាប់ពីបង្ក្រាបជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់តូច និងម៉ូតូ២គ្រឿង កម្លាំងនគរបាលនៅតែបន្តសហការរហូតឈានដល់ការបង្ក្រាបជនសង្ស័យបន្ថែម២នាក់ទៀត ដែលជាករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀន៣កញ្ចប់ធំ និងម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FK-៩៨៤៧។

នាយផ្នែកគ្រឿងញៀនខណ្ឌជ្រោយចង្វារដដែល បានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបង្ក្រាបឃាត់ខ្លួនទី១-ឈ្មោះ គុយ ណេង អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាកែវទី១ ឃុំវហាសួ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី២-ឈ្មោះ ហេង លីន អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឈូក ឃុំសាឡុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី៣-ឈ្មោះ ស៊ន ម៉ាប អាយុ២១ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅសានៈកេង ឃុំជើងគ្រៀវ ស្រុករលាផ្អៀល ខេត្តកំពង់ឆ្នាំង ទី៤-ឈ្មោះ នឿន ភត្រា អាយុ១៧ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិអូសណ្ដាន់ថ្មី ឃុំទឹកហួត ស្រុករលាផ្អៀល ខេត្តកំពង់ឆ្នាំង ទី៥-ឈ្មោះ ឃ្លាំង សៀងហេង អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ ទី៦-ឈ្មោះ នុត គន់លី អាយុ២២ឆ្នាំ មុខរបរជាងមាស មានទីលំនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីបង្ក្រាបក្រុមជនសង្ស័យ ដែលជាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញនទាំង៦នាក់ និងវត្ថុតាង ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីបន្តនិតិវិធី កសាងសំណុំរឿងចាត់ការតាមច្បាប់៕