(ត្បូងឃ្មុំ)៖ ស្របពេលដែលប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក តបតាមការស្នើសុំរបស់ក្រសួងបរិស្ថាននោះ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កម្មវិធី We-Clean របស់សមាគមសម្ព័ន្ធយុវជន មុស្លិមកម្ពុជា បានបង្កើតយុទ្ធនាការអប់រំ និងអនុវត្តផ្ទាល់ ក្នុងការប្រមូលដុតសំរាមផ្លាស្ទិច ការសម្អាតអនាម័យវិហារឥស្លាម និងបរិវេណជុំវិញ និងការដាំដើមឈើនៅបរិវេណវិហារ ឥស្លាមភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
តាមការបញ្ជាក់របស់ កញ្ញា Saliha Othsman ប្រធានគម្រោង We-Clean បានលើកឡើងថា យុទ្ធនាការប្រមូលដុតសម្រាមផ្លាស្ទិក និងការគ្រប់គ្រងការប្រើប្រាស់ផ្លាស្ទិក ជាកត្តាសំខាន់ដែលយុវជនយើង ក៏ដូចជាប្រជាពលរដ្ឋជាទូទៅ ត្រូវសហការត្រូវយល់ដឹងពីញ្ហាប៉ះពាល់នានា ដែលបង្កពីកាកសំណល់សម្រាម ជាពិសេសសម្រាមផ្លាស្ទិកនេះតែម្តង ព្រោះវាជាសារធាតុដែលមិនងាយរលាយដល់ទៅរាប់រយឆ្នាំ។
កញ្ញាបន្តថា ស្របនឹងយុទ្ធនាការនេះ ក្រៅពីយើងបានចូលរួមអប់រំយុវជន បានយល់ពីការគ្រប់គ្រង និងជំរុញកាត់បន្ថយការប្រើប្រាស់ លើសកំណត់ដែលនាំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ក្រុមការងាររស្ម័គ្រចិត្ត ក៏បានយកចិត្តទុកដាក់ក្នុងការបង្កើតឡើងនូវយុទ្ធនាការផ្សេងៗ ជាច្រើន ដើម្បីការពារបរិស្ថាន ជាពិសេស ការដាំដើមឈើជាសកម្មភាព ដែលយើងខ្ញុំយល់ឃើញថាមានសារៈសំខាន់ ក្នុងចំណោមសកម្មភាព We-Clean ជាច្រើនទៀត ដែលបាននិងកំពុងអនុវត្ត ដូចជាការបោសសំអាត និងរៃអង្គាសថវិកាសម្រាប់បង់វិភាគទានដល់អ្នកដែលសម្អាតព្រះវិហារប្រចាំការ សាលារៀន ការសម្អាតបង្គន់សាធារណៈ និងតំបន់រមណីយដ្ឋានសាធារណៈផ្សេងៗ ការផ្តល់អណ្តូងទឹកស្អាត និងបង្គន់អនាម័យជាដើម។
លោកស្រី ម៉ាណ ណាវី ដែលអញ្ជើញជាអធិបតីក្នុងយុទ្ធនាការនេះ តំណាងលោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានលើកឡើងថា គម្រោងនេះ គឺជាការចូលរួមយ៉ាងច្រើនពីយុវជនស្ម័គ្រចិត្ត ដើម្បីបរិស្ថានស្អាតរបស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក្រោមការសហការ និងរ៉ាប់រងគម្រោងរបស់ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលគម្រោងនេះបាននឹងបន្តអនុវត្តឲ្យជាប់ជាប្រចាំទៅតាមមូលដ្ឋានទូទាំងប្រទេស ហើយជាធម្មតាយើងមានសាខាសម្ព័ន្ធយុវជនមុស្លិមដែលនៅគ្រប់ខេត្ត ក្រុង ដែលពួកគាត់ រីករាយ និងសហការក្នុងដំណើរការអនុវត្តគម្រោងមួយនេះ។
លោកស្រីបន្តថា កម្មវិធីនេះ គឺជាគោលបំណងដែលបំផុសយុវជនឲ្យមានឆន្ទៈ ចលនាចូលរួមសហការក្នុងការថែរក្សា ការពារបរិស្ថាន និងជាការឆ្លុះបញ្ចាំងដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ឲ្យយល់ពីបរិស្ថានស្អាត រស់នៅស្អាត អនាម័យ ដើម្បីសុខភាពរបស់ពួកគាត់ផង និងចូលរួមសហការ នឹងរាជរដ្ឋាភិបាលដើម្បីបរិស្ថានស្អាត៕