(កំពង់ធំ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា រួមទាំងមន្រ្ដីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ បាននាំបច្ច័យចំនួន១៦០លានរៀល ទៅវេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តសន្ទុកក្រៅ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក និងវត្តពៅវ៉ើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។
ការនាំបច្ច័យចូលរួមកសាងរបស់លោក ជា ចាន់តូ នេះ ធ្វើឡើងនាឱកាសដែលលោកប្រារព្ធពិធីដង្ហែកឋិនចូលក្នុងវត្ត អស់កាលត្រីមាន និងវត្តពៅវ៉ើយ។ អង្គកឋិននេះបានប្រព្រឹត្តទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនាដោយ បានប្រារព្ធពិធីដង្ហែកឋិនទានប្រទាក់សិន ជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជាថ្វាយចំពោះព្រះពុទ្ធ រូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពគុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំលោក ជា ចាន់តូ និង លោកស្រី ខៀវ ស៊ីណា ក្រុមគ្រួសារ និង មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា តែងតែបានមូលមតិរៀបចំ ប្រារព្ធធ្វើអង្គកឋិនទានដង្ហែ ទៅកាន់វត្តនានាក្នុងខេត្តកំពង់ធំ ពិសេសនៅស្រុកសន្ទុក និងស្រុកស្ទោង ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា ក្នុងអារាមនីមួយៗឲ្យមានការរីកចម្រើន និងសម្រាប់ជាការលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត សក្តិសមជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិ រៀងរហូតមកនោះផងដែរ៕