(ភ្នំពេញ)៖ បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើបៗ មនុស្សម្នាក់ៗពឹងផ្អែកទៅលើការប្រើប្រាស់ Smart Phone លើការងារ ឬការសិក្សា សម្រាប់យុវជនវិញស្ទើរតែ១០០ភាគរយបានចំណាយពេលទៅលើ Smart Phone ដូចជាការលេង Facebook ការលេង Game ជាជាងការអានសៀវភៅ ជាហេតុផលដែលធ្វើឲ្យការអានសៀវភៅមានការធ្លាក់ចុះ។ នេះបើតាមការឲ្យដឹងពីលោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញាវន្ដ។
លោក សុខ ឡាក់ បានលើកឡើងថា «នៅប្រទេសកំពុងអភិវឌ្ឍមួយចំនួន ការកើនឡើងនៃបច្ចេកវិទ្យានេះ ជួយជម្រុញក្នុងការអានរបស់ប្រជាជន នៅពេលប្រជាជ ឬសិស្សនិស្សិតចេះ ប្រើប្រាស់បច្ចេកវិទ្យានេះ ឲ្យមានប្រសិទ្ធភាព ប៉ុន្ដែជាក់ស្ដែងនៅកម្ពុជាវិញយុវជនប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីការកំសាន្ដមើល Youtube លេង Game លេង Facebook»។
លោកបន្ដទៀថា ជាក់ស្ដែងក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook យើងអាចបង្កើតបណ្ណាល័យ ឬស្ថាប័នដែលមានចំណេះដឹងបញ្ជូនព័ត៌មានតាម Facebook ឬបណ្ដាញសង្គមមួយចំនួនទៀត តែយុវជនភាគច្រើន មិនបានចាប់អារម្មណ៍ទៅវិញ ដែលនេះជាផលលំបាកមួយ ដែលធ្វើឲ្យពួកគាត់ទទួលបានព័ត៌មានមួយ ដែលមិនមានគុណភាព។
លោកថា «យុវជនបច្ចុប្បន្នចូលចិត្ត ប្រើប្រាស់បណ្ដាញសង្គម Facebook ជៀសជាងការអានសៀវភៅ ដោយពួកគាត់តែងតែប្រើប្រាស់ទៅលើការជជែកគ្នាកំសាន្ដ ឬយកពេលទៅប្រើប្រាស់ទៅលើអ្វីមួយដែលមិនផ្ដល់ប្រយោជន៍ ឬបង្កើនការសិក្សារបស់ពួកគាត់វិញ»។
បើតាមលោក សុខ ឡាក់ បានឲ្យដឹងទៀតថា នៅក្នុងប្រទេសកម្ពុជា មានបណ្ណាល័យជាង១ម៉ឺនកន្លែង ក្នុងទីក្រុងភ្នំពេញមានប្រមាណជាង១០០បណ្ណាល័យ បើគិតពីចំនួនបណ្ណាល័យអាចផ្គត់ផ្គង ការអានរបស់ប្រជាពលរដ្ឋបាន តែអ្វីដែលជាបញ្ហាប្រឈមនោះគឺ បណ្ណាល័យភាគច្រើនបើកជាន់ម៉ោងសិក្សារបស់សិស្ស ឬអ្នកធ្វើការ ដូច្នេះនេះជាផលលំបាកមួយព្រោះថា ក្រៅពីម៉ោងសិក្សាសិស្ស និងអ្នកធ្វើការមិនអាចចូលអានសៀវភៅបានឡើយ។ មួយវិញទៀតក្នុងបណ្ណាល័យនៅខ្វះធនធាន ដែលមានសមត្ថភាពខាងវិជ្ជាជីវៈបណ្ណាល័យ ដែលនេះជាហេតុផលមួយធ្វើឲ្យខ្វះសមត្ថភាព ក្នុងការឆ្លើយតបតាមតម្រូវការ ហើយបណ្ណាល័យមួយចំនួនទៀតខ្វះខាតហិរញ្ញវត្ថុ និងធនធានដែលមិនអាចធ្វើឲ្យមានភាពរីកចម្រើនឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕