Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានតុលាការកំពូល និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំមន្រ្តី ដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តដួងសូរិយា ហៅវត្តក្តីដូង នៅខេត្តកំពង់ធំ

15-10-2017 14:43

(កំពង់ធំ)៖ ដោយមានការផ្តួចផ្តើមពីលោក ឌិត មន្ទីរ ប្រធានតុលាការកំពូល និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ជីវ កេង និងសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអាជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តដួងសូរិយា ហៅវត្តក្រីដូង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកក្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធ័ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។

បើកឋិននោះ ដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្តនៅតាមដងទន្លេ គេជិះទូក ឬកប៉ាល់។

លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះ ចូលទៅក្នុងព្រះវិហារភ្លាមទេ គេតម្កល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយ ដែលគេបានរៀបចំទុកជាស្រេច។ គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅរាក់ទាក់រីករាយជាពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួន៣ជុំ ទើបនាំគ្នាចូលក្នុងវិហារ។

ព្រះចៅអធិការវត្ដ បានចាត់ឲ្យភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ៕