(សៀមរាប)៖ ក្រុមហ៊ុនជេស៊ី (ខេមបូឌា) អ៉ីនធើណេសិនណល អ៊ែរឡាញ បានបើកសម្ពោធជើងហោះហើរត្រង់ដំបូងរបស់ខ្លួន ពីក្រុងសៀមរាប ទៅកាន់ទីក្រុងឆុងឈីង ប្រទេសចិន ដោយសម្លឹងមើលឃើញពីកំនើនភ្ញៀវទេសចរណ៍ កា​ន់តែច្រើនឡើងៗ និងពីមួយថ្ងៃទៅមួយថ្ងៃ កត្តាទាំងអស់នេះអាចឆ្លុះបញ្ជាំងពីភាពរីកចម្រើនលើផ្នែកអាកាសចរណ៍នៅកម្ពុជា។

ការបើកជើងហោះហើរត្រង់ថ្មីនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ មានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន «ជេស៊ីអ៊ែរឡាញ» និងបុគ្គលិកជាច្រើននាក់ទៀតផងដែរ។

លោក ជាវ​ គីរីរម្យ ប្រធានផ្នែកផលិតកម្ម របស់ក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែរឡាញ បានថ្លែងបញ្ជាក់ថា «នេះជាមុខមាត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលបាននាំភ្ញៀងទេសចរណ៍អន្តរជាតិ ពីប្រទេសចិន មកកម្ពុជា ហើយសម្រាប់ការបើកជើងហោះហើរត្រង់នេះ បង្ហាញពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ និងការនាំយកនូវភ្ញៀវទេសចរណ៍ ពីប្រទេសចិនមកកំសាន្តទីក្រុងអង្គរ ដែលជាបេតិកភ័ណ្ឌជាតិ និងរួមចំនែកលើកស្ទួយកំណើនទេសចរណ៍ នៅកម្ពុជាកាន់តែច្រើនជាងមុនទៅទៀត។​ កត្តាក្នុងការរីកចម្រើនទាំងអស់នេះ ក៏អាស្រ័យទៅភាពសន្តិសុខល្អ សន្តិភាព និងនយោបាយល្អក្នុងប្រទេសកម្ពុជាផងដែរ»

លោកបន្ថែមថា ការហោះហើរត្រង់ពីក្រុងសៀមរាប ទៅកាន់ទីក្រុងឆុងឈីង មាន៣ជើង ក្នុងមួយសប្តាហ៍ គឺថ្ងៃអង្គារ, ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដែលចាកចេញពីក្រុងសៀមរាប នៅវេលាម៉ោង២០៖៥០នាទីយប់ ទៅដល់ទីក្រុងឆុងឈីង នៅម៉ោងប្រមាណ០១៖០០នាទីរំលងអាធ្រាត្រ និងចាកចេញទីក្រុងឆុងឈីង នៅវេលាម៉ោងប្រមាណ០២៖០០នាទីរំលងអាធ្រាត្រ សម្រាប់ថ្ងៃអង្គារ និងព្រហស្បតិ៍ និងម៉ោងប្រមាណ០៥៖៣០នាទីទៀបភ្លឺសម្រាប់ថ្ងៃអាទិត្យ ហើយមកដល់ទឹកដីក្រុងសៀមរាប នៅព្រឹកម៉ោងប្រមាណ០៧៖៣០នាទីទៀបភ្លឺសម្រាប់ថ្ងៃអាទិត្យ និងម៉ោងប្រមាណ០៤៖០០នាទីទៀបភ្លឺ សម្រាប់ថ្ងៃអង្គារនិងព្រហស្បតិ៍ ។

លោកក៏បានបញ្ជាក់បន្ថែមយ៉ាងខ្លីថា «នៅពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបើកសម្ពោធការហោះហើរត្រង់ពីទឹកដីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងឆុងឈីង ប្រទេសចិនផងដែរ»

JC Airlines ជាក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយផ្តល់ សេវាហោះហើរជាទីគាប់ចិត្ត ចំពោះអ្នកដំណើរ បានធ្វើប្រតិបត្តិការជើងហោះហើរ ក្នុងស្រុករបស់ខ្លួន រវាងទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ហើយពីទីក្រុងសៀមរាប ឆ្ពោះទៅក្រុងព្រះសីហនុ ចាប់តាំងពីថ្ងៃទី១៧ ខែមីនា២០១៧មកម្លេះ។

គួររម្លឹកផងដែរថា ក្រុមហ៊ុនជេស៊ី អ៊ែរឡាញ កាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បានបើកសម្ពោធជើងហោះហើរត្រង់ដំបូងរបស់ខ្លួន ពីក្រុងសៀមរាប ទៅកាន់ទីក្រុងហួយអាន ខេត្តជាំងអ៊ូ ប្រទេសចិនផងដែរ។

JC Airlines ក៏បានកំពុងធ្វើការហោះហើរជាអន្តរជាតិ ពីភ្នំពេញទៅកាន់ទីក្រុងតៃប៉ិ, ទីក្រុងកៅស៊ុង ប្រទេសតៃវ៉ាន់, ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ, ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនអាកាសចរ «ជេស៊ី អ៊ែរឡាញ» បានគ្រោងនឹងបើកការហោះហើរជាអន្តរជាតិបន្ថែមទៀតរវាង ទីក្រុងភ្នំពេញ ទៅកាន់ហុងកុង ដែលនឹងក្លាយជាផ្លូវហោះហើរថ្មីបន្ថែមទៀត ដើម្បីប្រែក្លាយអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ជាទីប្រជុំនៃជើងហោះហើររបស់អាស៊ាន។

ចក្ខុវិស័យនៃការពង្រីកវិសាលភាពជើងហោះហើរនេះ និងផែនការសកម្មភាពយ៉ាងច្បាស់លាស់របស់ក្រុមហ៊ុន អាចឲ្យមានការពង្រីកការហោះហើរ គឺក្នុងទិសដៅហោះហើរឆ្ពោះទៅកាន់ បណ្តាប្រទេសជាច្រើនដូចជា៖ កូរ៉េ ជប៉ុន និងបណ្តាខេត្តផ្សេងៗទៀត របស់ប្រទេសចិន ដែលជាទីក្រុងដែលមានតែមានសក្តានុពល ក្នុងនោះរួមមាន៖ សៀងហៃ, ក្វាងទុង, ស៊ិនជីង, ឈីងទូ, សានយ៉ា, ឆុងឆីង និងគួយ៉ាង ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនជេស៊ី (ខេមបូឌា) អ៉ីនធើណេសិនណល អ៊ែរឡាញ មានយន្តហោះសរុបចំនួន៤គ្រឿង ហើយនិងមានគម្រោងបន្ថែមយន្តហោះជាច្រើនគ្រឿងទៀត សម្រាប់ធ្វើប្រតិបត្តិការ និងពង្រីកជើងហោះហើរបស់ខ្លួន ទៅកាន់ទិសដៅផ្សេងៗទៀតនានៅពេលខ្លីខាងមុខនេះ៕