(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញនឹងអញ្ជើញទៅប្រារព្ធពិធីទទួលស្ពានព្រែកព្នៅ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តទិញផ្តាច់ពីក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ជាសម្បត្តិសាធារណៈវិញនោះ។
ពិធីប្រគល់ទទួលស្ពានព្រែកព្នៅនោះ ធ្វើនៅចំណុចបញ្ជរបង់ប្រាក់ស្ពានព្រែកព្នៅត្រើយខាងលិច ដោយមានការចូលរួមពីមន្ត្រីរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន លី យ៉ុងផាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបថា ចាប់ពីម៉ោង១២៖០០នាទី ឈានចូលថ្ងៃទី១៥ ខែតុលានេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងស្ពានព្រែកព្នៅ ដោយមិនមានបង់ប្រាក់ឡើយ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញផ្លូវ និងស្ពាននោះមកគ្រប់គ្រងវិញ៕