(ព្រៃវែង)៖ ក្នុងពីធីបើកវគ្គបញ្ជ្រាបកម្មវិធីនយោបាយគោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដល់យុវជនក្នុងខេត្តព្រៃវែង នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង បានលើកឡើងថា យុវជនជាសរសៃឈាមបក្ស ជាកោសិកាធ្វើឲ្យបក្សរឹងមាំ ជាកម្លាំងទាក់ទាញការគាំទ្រពីសមាជិកផ្សេងទៀតនៅក្នុងគ្រួសារ និងជាកម្លាំងស្នូលមានទម្ងន់លើការបោះឆ្នោត នាពេលខាងមុខ។

សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តព្រៃវែង បានបើកវគ្គបញ្ជ្រាបកម្មវិធីនយោបាយគោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចចិត្តរបស់គណបក្សដល់យុវជនចំនួន ១៦លើក ក្នុងនោះមានយុវជនចូលរួមសរុបចំនួន ១,៧៥៨នាក់។ បានប្រកាសបញ្ជូន និងចងក្រងយុវជនឲ្យចូលជាសមាជិកបក្សបន្ទាប់ពីបានបញ្ជ្រាបកម្មវិធីនយោបាយបក្សរួចចំនួន ៤លើក ស្មើនឹងយុវជនចំនួន ៣,៥០៩នាក់។

លោក ស សុខា បានបន្តថា តាមការវិភាគលទ្ធផលបោះឆ្នោតកន្លងទៅបានបង្ហាញថា ទីណាដែលយុវជនចុះធ្វើសកម្មភាពច្រើន ទីនោះបានទទួលសំឡេងឆ្នោតគាំទ្រកើនឡើង។

លោកថ្លែងយ៉ាងដូច្នេះថា «យុវជនជាសរសៃឈាមបក្ស និងជាកោសិកាធ្វើឲ្យបក្សរឹងមាំ ជាកម្លាំងទាក់ទាញការគាំទ្រសមាជិកផ្សេងទៀតនៅក្នុងគ្រួសារ និងជាកម្លាំងស្នូលមានទម្ងន់លើការបោះឆ្នោត នាពេលខាងមុខ»

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន លោកអ្នកតំណាងរាស្ត្រ ស សុខា ក៏បានណែនាំនូវអនុសាសន៍មួយចំនួនផងដែរ ខណៈក្នុងរយៈពេល១០ខែ ឆ្នាំ២០១៧ បទល្មើសបង្ក្រាបបានចំនួន ៦,៣២០ករណី ឃាត់ខ្លួនជនល្មើសបានចំនួន ១៤,១០៣នាក់។ តែទោះជាយ៉ាងណា អាជ្ញាធរក៏បានធ្វើការអប់រំ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀនផងដែរ។

លោកក៏បានផ្ដាំផ្ញើដល់យុវជនថា ពេលត្រឡប់ទៅវិញយុវជនទាំងអស់ត្រូវជួយអប់រំ ពន្យល់ ណែនាំដល់បងប្អូន មិត្តភ័ក្តិ កុំឲ្យជឿតាមឧបាយកល់របស់យុវជនបក្សផ្សេង។ ម្យ៉ាងទៀត ក្នុងនាមជាយុវជនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជួយទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីរួមចំណែកលក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ៕