(ភ្នំពេញ)៖ អ្នកណាក៏ដឹងដែរថា នៅក្នុងអំឡុងដែលមហាអំណាចអាមេរិកបង្កសង្គ្រាមដ៏ខ្លាំងក្លាមកលើប្រទេសចំនួន៣ នៅឥណ្ឌូចិនមហាអំណាចចក្រពត្តិនេះបានបញ្ជូនកម្លាំងទ័ពដ៏ច្រើន និងឧបករណ៍ធ្វើសង្គ្រាមមកទំលាក់គ្រាប់បែកយ៉ាងទម្ងន់ និងបាញ់សម្លាប់ប្រជារាស្ត្រកម្ពុជាយ៉ាងច្រើនលើសលុប ពោលគឺអ្នកទាំងនោះមកក្នុងលក្ខណៈជាឃាតក ហើយក៏បាត់ខ្លួន ឬស្លាប់ក្នុងលក្ខណៈជាឃាតកដែរ។

លោកស្រី អាន មៀល-ហ្រ្គីហ្វីត (Ann Mills-Griffiths) ប្រធានប្រតិបត្តិ នៃសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ លើកឡើងតាមរយៈលិខិតគោរព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ការសហការដែលភាគីវៀតណាមបានផ្តល់ឲ្យអាមេរិកនៅក្នុងវិស័យរុករកឆ្អឹងខ្មោចទាហានអាមេរិកនេះ បានជួយឲ្យមានប្រក្រតិកម្ម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះគឺពិតជាលក្ខខណ្ឌចក្រពត្តិយ៉ាងពិតៗ។

លោកស្រីបាននិយាយថា បើគ្មានការបញ្ជាក់ថា កម្ពុជាថានឹងលើកលែងការផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិក លោកស្រីនឹងមិនបំពេញទស្សនកិច្ចនៅកម្ពុជា ដែលលោកស្រីកំពុងតែគ្រោង មកនោះទេ។ នេះគឺពិតជាលក្ខខណ្ឌចក្រពត្តិមួយទៀត ។ លក្ខខណ្ឌទាំងពីរនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា អាមេរិកគិតគូរតែពីខ្មោចអាមេរិកទេ រីឯសាសន៍ផ្សេងទៀតស្លាប់ដូចគេហាល ក៏អាមេរិកមិនឈឺក្បាលដែរ ។

រដ្ឋាភិបាលកម្ពុជាក៏មានលក្ខខណ្ឌដែរ តែមិនមែនជាលក្ខខណ្ឌចក្រពត្តិទេ ។ រីឯខ្ញុំជាពលរដ្ឋកម្ពុជាម្នាក់ក៏មានលក្ខខណ្ឌដែរ។ ខ្ញុំសូមទាមទារឲ្យអាមេរិកស្វែងរកអដ្ឋិធាតុ ប្រជាពលរដ្ឋខ្មែរដែលបាន បាត់ខ្លួននៅអំឡុងឆ្នាំ១៩៧០ ដល់១៩៧៩ សងដល់គ្រួសារខ្មែរវិញដែរ។ សំរាប់ខ្ញុំ ខ្មែរគ្មានជំពាក់បំណុលអាមេរិកទេ គឺអាមេរិកដែលជំពាក់បំណុលខ្មែរ!៕

ពីខ្ញុំកូនប្រជាពលរដ្ឋស្លូតត្រង់ដែលបាត់បង់ឪពុក-ម្តាយ ក្នុងសម័យសង្រ្គាមអាមេរិក