(ភ្នំពេញ)៖ បន្ទាប់ពីក្រុមហ៊ុនបានបញ្ជូន អាកាសយានិកជនជាតិខ្មែរ៤រូប ទៅហ្វឹកហាត់ នៅប្រទេសវៀតណាម និងសហរដ្ឋអាមេរិកជាង២ឆ្នាំ ពេលនេះអាកាសយានិកទាំង៤រូបនេះ បានទទួលការបណ្ដុះបណ្ដាលដោយជោគជ័យ និងបានត្រលប់មកកាន់មាតុប្រទេសវិញហើយ ដើម្បីចូលបម្រើការជាអ្នកបើកយន្តហោះ ក្នុងវិស័យអាកាសចរណ៍ នៃកម្ពុជា ។

នៅក្នុងពិធីទទួលស្វាគមន៍អាកាសយានិកទាំង៤ របស់កម្ពុជា មកកាន់មាតុប្រទេសនេះ លោក តឹករ៉េត សំរេច អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានថ្លែងថា អាកាសយានិកទាំងបួនរូបនេះ គឺជាអាកាសយានិកវ័យក្មេងដំបូងគេសម្រាប់កម្ពុជា បន្ទាប់សាលាបណ្ដុះបណ្ដាលរបស់ខ្មែរ សហការជាមួយសូវៀត បានបាក់បែក ហើយក៏មិនមានការបណ្ដុះបណ្ដាលទៀតនោះទេ ។

លោកបន្តថា អាកាសយានិកទាំង៤រូបនេះ នឹងបើកបរយន្តហោះ ឲ្យក្រុមហ៊ុនអាកាសចរជាតិកម្ពុជា អង្គរអ៊ែរ ហើយយន្តហោះ ដែលពួកគេត្រូវបើកបរនោះជាប្រភេទយន្តហោះ អ៊ែរប៊ើស ខណៈបច្ចុប្បន្នក្រុមហ៊ុនអាកាសចរនានា ក្នុងប្រទេសក៏ដូចជាអន្តរជាតិ កំពុងមានតម្រូវការខ្ពស់ លើការងារអាកាសយានិក ។ជាក់ស្ដែងអ្នកមានជំនាញ លើការបើកបរយន្តហោះ មិនមែនហោះហើរ តែក្នុងស្រុកទេ តែពួកគេអាចហោះហើរ ទីណាក៏បានដែរ ឲ្យតែមានសញ្ញាបត្រត្រឹមត្រូវ ពីសាលាបណ្ដុះបណ្ដាលទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ។

លោកបន្ថែមថា ទីផ្សារលើវិស័យអាកាសចរ ជាពិសេស អាកាសយានិក គឺនៅមានភាពទូលាយណាស់ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាទីផ្សារអន្តរជាតិ ដែលខុសពីទីផ្សារការងារផ្សេងៗ ពីព្រោះការងារនេះ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ គឺត្រូវទាមទារឲ្យមានសមត្ថភាពចំណេះដឹង និងទេព្យកោលខ្ពស់ ។ម្យ៉ាងទៀតអាកាសយានិកនីមួយៗ ក៏ត្រូវតែមានសុខភាពល្អ កាយសម្បទាមាំមួន ប្រាជ្ញាវាងវៃ រហ័សរហួន ទើបអាចចូលបណ្ដុះបណ្ដាល និងអាចរៀនលើជំនាញបើកបរយន្តហោះបាន ។

លោកបញ្ជាក់ទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការអាកាសយានិក តែសម្រាប់ក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ បានកើនឡើងជាបន្តបន្ទាប់ ទៅតាមចំនួនយន្តហោះដែលនាំចូល ហើយក្នុងយន្តហោះមួយគ្រឿងៗ ត្រូវការអាកាសយានិកចំនួន ៨នាក់ ។សម្រាប់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា អង្គរអ៊ែរ បច្ចុប្បន្ន មានអាកាសយានិកជនជាតិតែ៨នាក់ប៉ុណ្ណោះ ក្រៅពីនោះជាអាកាសយានិកជនជាតិបរទេស ។

លោក ផល កុសល អាកាសយានិកមួយ ក្នុងចំណោម៤រូប ដែលទើបបញ្ចប់ការបណ្ដុះបណ្ដាល ពីសហរដ្ឋអាមេរិក បានឱ្យដឹងថា ការបណ្ដុះបណ្ដាលលើជំនាញនេះ គ្រប់វគ្គទាំងអស់ សុទ្ធតែពិបាក ហើយពីមួយវគ្គទៅមួយវគ្គ សិស្សដែលចូលរួមហ្វឹកហាត់បានឈប់ម្ដងមួយៗ ដោយសារតែការតស៊ូមិនបាន ។ សិស្សខ្លះពេលរៀនទ្រឹស្ដី គាត់ពូកែមែន តែពេលដល់វគ្គអនុវត្តហោះហើរជាក់ស្ដែងពួកគាត់ធ្វើមិនបាននោះទេ ។

លោកបន្តថា ជំនាញជាអ្នកបើកបរយន្តហោះ មិនងាយស្រួលដូចជំនាញផ្សេងនោះទេ ជាក់ស្ដែងនៅកម្ពុជា អ្នកមានជំនាញបើកបរយន្តហោះមានតិចតួចណាស់ ។ហើយអ្នកដែលចង់រៀនពីជំនាញ ត្រូវតែមានសមត្ថភាពចំណេះ ភាសាអង់គ្លេសខ្ពស់ និងសមត្ថភាពដុងពីកំណើតផងដែរ បើមិនដូចនេះទេពួកគាត់អាចនឹងបោះបង់ចោលនៅក្នុងវគ្គណាមួយ ជាមិនខាន ។

លោក ង្វៀន ណាំលៀន នាយកផ្នែកបណ្ដុះបណ្ដាលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន Viet Flight បានថ្លែងផងដែរថា សិស្សដែលបញ្ជូនពីកម្ពុជា មានភាពវៃឆ្លាត ឆាប់ចាប់បាន នូវអ្វីដែលគ្រូបណ្ដុះបណ្ដាល ផ្ដល់ជូន ដូចនេះពួកគេពិតជាសក្តិសមជាអាកាសយានិក សម្រាប់បម្រើអោយការហោះហើរទាំងក្នុង និងក្រៅប្រទេស ។ម្យ៉ាងទៀត ការបណ្ដុះបណ្ដាល តែងតែមានការជំរុះចោលនូវសិស្ស ដែលអនុវត្តមិនបានល្អ តែសម្រាប់សិស្សកម្ពុជា ពួកគេសុទ្ធតែបានឆ្លងកាត់ដោយជោគជ័យ ពីមួយវគ្គទៅមួយវគ្គ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា អង្គរអ៊ែរ បានចាប់ផ្ដើមដំណើរការ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ។ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបានពង្រីកខ្លួនជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះ មានយន្តហោះចំនួន៧គ្រឿង ហើយគ្រោងនាំចូលអោយបាន១៥គ្រឿងនៅរយៈពេល៥ឆ្នាំខាងមុខ ដើម្បីបម្រើឱ្យការហោះហើរទាំងក្នុង និងក្រៅស្រុក ៕