(ភ្នំពេញ)៖ ក្រុមហ៊ុន Blackwell Global Cambodia (ប្លែកវែល គ្លូប៊ល អ៊ិនវេសម៉ិន ឃែមបូឌា)ឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសារ ដែលកាន់អាជ្ញាប័ណ្ណច្រើន ដំបូងគេបង្អស់នៅកម្ពុជា បានចាប់ផ្ដើមដំណើរជាផ្លូវការហើយ ដោយទទួលបានអាជ្ញាប័ណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា ដែលនឹងប្រតិបត្តិការអាជីវកម្ម ក្នុងការផ្តល់ជូនអតិថិជននូវការជួញដូរ ដែលស្របច្បាប់មួយ ទៅរូបិយប័ណ្ណបរទេស ការជួញដូរ CFDs និងសេវាកម្មផ្សេងៗទៀត ដែលមានចុះក្នុងអាជ្ញាប័ណ្ណរបស់គណៈកម្មការមូលបត្រកម្ពុជា។

លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងក្នុងពិធិសម្ពោធដាក់ឲ្យប្រតិបត្ដិការជាផ្លូវការ នូវក្រុមហ៊ុន Blackwell Global Cambodia ថា ក្រុមហ៊ុន Blackwell Global Cambodia ទទួលបានអាជ្ញាប័ណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជានៅពេលនេះ គឺក្រុមហ៊ុន ទទួលបានអាជ្ញាប័ណ្ឌជាឈ្មួញជើងសារ គឺផ្ដល់សេវាកម្ម ធ្វើអាជីវកម្មជួញដូរ សម្រាប់អតិថិជនរបស់គាត់ ហើយដើម្បីធ្វើការជួញដូរបាន គឺគាត់ត្រូវភ្ជាប់ខ្លួនធ្វើជាសមាជិករបស់ក្រុមហ៊ុនសមភាគីកណ្ដាលណាមួយ ដែលទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលប័ត្រកម្ពុជា ហើយគាត់បានភ្ជាប់ខ្លួន ធ្វើជាសមាជិកក្រុមហ៊ុនសមភាគីកណ្ដាលផងដែរ ។

លោកដ៉ារា បន្ដថា «ការទទួលបានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Blackwell Global Cambodia បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការសេវាកម្មជួញដូរឧបករណ៍និស្សន្ទ នៅក្នុងទីផ្សារកម្ពុជា ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុននេះ នឹងបន្តគោរពតាម យ៉ាងខ្ជាប់ខ្ជួននូវលក្ខខ័ណ្ឌអាជ្ញាប័ណ្ណ និងលក្ខខ័ណ្ឌផ្សេងៗទៀត ដែលចេញដោយគណៈកម្មការមូលបត្រកម្ពុជា ដែលជានិយ័តករក្នុងវិស័យមូលបត្រ»។

លោក Avis Wang ក្រុមហ៊ុន Blackwell Global Cambodia បានថ្លែងថា «ការចាប់ផ្តើមរបស់យើងនៅកម្ពុជា ជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការសម្រេចបាន នូវគោលដៅរបស់យើង ក្នុងការមានវត្តមានកាន់តែខ្លាំង នៅក្នុងតំបន់អាស៊ី ហើយបទពិសោធរបស់យើង ដែលធ្លាប់ទទួលបានអតិថិជន នៅទូទាំងពិភពលោក បានផ្តល់ឱ្យយើងនូវបទពិសោធល្អៗដែលតម្រូវឲ្យយើង ផ្តល់ជូនអតិថិជនវិញនូវតម្លៃបន្ថែមលើសេវាកម្ម»។

លោកបន្ដថា ក្រុមហ៊ុនប្លែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ឃែមបូឌា) ឯ.ក ដែលមានទីតាំងនៅ អាគារលេខ៤៨ មហាវិថីម៉ៅសេទុង ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញនេះ ដែលបានបញ្ចូលជាសមាជិករបស់ ប្លែកវែលគ្រុប ចុងក្រោយគេ តែជាក្រុមហ៊ុនដំបូងគេបង្អស់ នៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនាមជាឈ្មួញជើងសាតែមួយគត់ ដែលកាន់អាជ្ញាប័ណ្ណជាច្រើន នៅក្នុងប្រទេសកម្ពុជា Blackwell Global រំពឹងថានឹងមានអនុភាពលើភាពជឿទុកចិត្ត និងជំនាញ សម្រាប់ពាណិជ្ជករអន្តរជាតិ ក៏ដូចជាការផ្តល់ជូនអតិថិជនកម្ពុជារបស់ខ្លួន ជាមួយនឹងការធានាលើមូលនិធិ និងការឲ្យតម្លៃបន្ថែម លើសេវាកម្ម ក្នុងដំណើរការជួញដូរនេះ។

ក្រុមហ៊ុន Blackwell Global Group ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដើម្បីផ្តល់ជូននូវមធ្យោបាយវិនិយោគសម្រាប់អតិថិជនជា ឯកជន និងជាស្ថាប័ន រួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងផលិតផលដែលទទួលបាន ពីអ្នកជំនាញខាងឧបករណ៍ហិរញ្ញវត្ថុ ដែលមានដូចជា៖ សេវាកម្មជួញដូររូបិយបណ្ណ ការជួញដូរកិច្ចសន្យា ការជួញដូរលើវត្ថុធាតុដើមមានតម្លៃ ភាគហ៊ុនសកល ជួញដូរលើ options និងfutures ។ក្រុមហ៊ុន ក៏ផ្តល់ជូននៅការជួញដូរពេញ ២៤ម៉ោង ជាមួយនឹងតិចនិចជាជំនួយក្នុងការវិនិយោគរបស់អតិថិជន វិធីសាស្ត្រនៃការស្រាវជ្រាវ ការផ្តល់ចំណេះដឹង និងអាចធ្វើជាដៃគូដែលមានវិជ្ជាជីវៈទៅលើកម្មវិធី ក៏ដូចជាផ្តល់នូវសមាហរន្តកម្មសម្រាប់ការជួញដូរទៅលើ Platform ដល់អតិថិជនរបស់ខ្លួន។

ដោយមានវត្តមាននៅទូទាំងពិភពលោកនៅក្នុងបណ្តាប្រទេសជាង100ប្រទេស ក្រុមហ៊ុន Blackwell Global មានការិយាល័យធំៗដែលទទួលបានអាជ្ញាបណ្ណនៅតាមទីផ្សារដូចជា Cyprus, Hong Kong, New Zealand និងចក្រភពអង់គ្លេស។ នៅឆ្នាំ២០១៧ ក្រុមហ៊ុនក៏បានធ្វើការចុះអនុសារណៈរយៈពេលវែងជាមួយនឹងខ្លឹបកីឡាបាលទាត់ Everton ដើម្បីក្លាយជាដៃគូដែលជាក្រុមហ៊ុន Forex និង Brokerage ជាផ្លូវការដំបូងគេបង្អស់របស់ Everton៕