សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រប់មហាវិទ្យាល័យទាំងអស់នៅកម្ពុជា បើកឱកាសឲ្យសិស្សគ្រប់និទ្ទេសបានប្រឡងប្រជែង ដើម្បីបន្តការសិក្សា (Video inside)
14-10-2017 15:56
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់មហាវិទ្យាល័យទាំងអស់ បើកឱកាសឲ្យសិស្សគ្រប់និទ្ទេសទាំងអស់ បានប្រឡងប្រជែង ខណៈដែលសាកលវិទ្យាល័យសុខាភិបាល ត្រូវបានបើកឲ្យមានការប្រឡងគ្រប់និទ្ទេសទាំងអស់។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលសម្តេចផ្តល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាលរបស់ពួកគេ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គ្រប់មហាវិទ្យាល័យគួរតែបើកឱកាសឲ្យគ្រប់និទ្ទេសទាំងអស់ ចូលរួមប្រឡង ព្រោះនៅពេលប្រឡងនឹងដឹងស ដឹងខ្មៅ បើយើងដាក់ប៉ារាស់ ដោយកំណត់និទ្ទេសនេះ និទ្ទេសនោះទើបឲ្យប្រឡង ដូច្នេះវាមិនយុត្តិធម៌ ហើយការប្រកួតប្រជែងក៏នៅមានចំនួនតិច។ ឥឡូវបើកឱកាសទៅកុំឲ្យលំបាក។ នាយករដ្ឋមន្ត្រីពិតជាមានជួបការលំបាក ឃើញតែមានការអន្តរាគមន៍សុំពីសិស្ស។ អីចឹងខ្ញុំសុំស្នើ និងអង្វរក ចំពោះលោកសាកលវិទ្យាធិការ ចំពោះគណៈគ្រប់គ្រងមេត្តាកុំប្រកែប្រកាន់ ធ្វើយ៉ាងម៉េចលក្ខខណ្ឌតែមួយគត់ គឺអ្នកឯងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានឲ្យចូលប្រឡង កុំឲ្យកំណត់និទ្ទេសដែលនេះជាការល្អ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់សិស្សប្រឡងធ្លាក់ ឲ្យរៀនបន្តទៀត ដើម្បីប្រឡងនៅឆ្នាំក្រោយ ហើយបើប្រឡងមិនជាប់ទៀត អាចជ្រើសយកការសិក្សា លើជំនាញឯកទេសបន្តទៀត។
បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើអាណាព្យាបាលត្រូវតាមដានឲ្យជាប់ តាមរយៈសៀវភៅ ទំនាក់ទំនងរវាងគ្រួសារ និងសាលា ដើម្បីតាមដានសកម្មភាពសិក្សារបស់កូនៗ៕