(ភ្នំពេញ)៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនឥស្សរជនឆ្នើមចំនួន៤រូប។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ថ្លែងថា ឥស្សរជនឆ្នើមចំនួន៤រូប ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះរួមមាន៖ លោកស្រីឧកញ៉ា កែវ ម៉ាលី, លោកស្រី យូ អយ, លោកឧកញ៉ា វិញ ហ៊ួរ និងលោក ថៃ នរៈសត្យា។
លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល ថ្លែងថា ថ្ងៃនេះជាសករាជថ្មីមួយទៀត របស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលបានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឥស្សរជនចំនួន៤រូបថ្មីទៀតដែល សាកសមនឹងទទួលបាននូវកិត្តិយសនេះ។
លោកបណ្ឌិត ជីវ កេង បន្តថា ក្នុងរយៈពេល១០ខែមកនេះ សាកលវិទ្យាល័យ បានសម្រេចបាននូវសមិទ្ធផល គួរឱ្យកោតសរសើរបំផុត ជាមួយនឹងកម្មវិធីសិក្សាថ្មី រួមទាំងការបង្កើតឡើងនូវសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា សាខានៅក្រុងបាត់ដំបង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាកលវិទ្យាល័យ បន្តវគ្គបណ្ដុះបណ្ដាលមន្ត្រីរាជការ វ័យចំណាស់បន្ថែមទៀត ។
ជួសមុខឱ្យអ្នកទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ លោកស្រី យូ អយ ថ្លែងអំណរគុណចំពោះគណៈអធិបតី និងសាកលវិទ្យាល័យដែលបានយកចិត្តទុកដាក់ ផ្តល់នូវសេចក្តីទុកចិត្តរៀបចំនូវការបណ្តុះបណ្តាល រហូតទទួលបានជំនាញនិងចំណេះដឹងថ្មីៗ ដើម្បីចូលរួមបម្រើប្រទេសជាតិ៕