(ភ្នំពេញ)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូលបានណែនាំ និងពង្រឹងដល់មន្រ្ដីគណបក្សប្រជាជន​ទាំងអស់ ​ត្រូវ​ពួតដៃគ្នាចុះជួយប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់តម្រូវការ និងជៀសវាងដាច់ខាតការរើសអើង និងលាបពណ៌គ្នា​។

ការលើកឡើងបែបនេះ របស់លោក វង្សី វិស្សុត ធ្វើឡើងនាឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈ
ពង្រឹងមូលដ្ឋានស្រុកមុខកំពូល ដើម្បីបូកសរុបលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងការចុះឈ្មោះបោះឆ្នោត នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាសុ្រកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

លោក វង្សី វិស្សុត បានជម្រាបដល់មន្រ្ដីបក្សប្រជាជនទាំងអស់ ឲ្យយល់ដឹងពីស្ថានភាពវិវត្តន៍ ខាងនយោបាយនៅក្នុងប្រទេស
នាពេលថ្មីៗ ពិសេសអំពីចំណាត់ការយ៉ាងត្រឹមត្រូវ និងស្រប់ច្បាប់របស់រដ្ឋាភិបាល ដើម្បីរក្សាការពារឲ្យបានដាច់ខាត នៅសុខសន្ដិភាព
ដើម្បីធានាដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាដើម្បីធានាឱ្យបាននៅឯករាជ្យភាព របស់ប្រទេសមិនឱ្យស្ថិតក្រោមគំនាបរបស់
នរណា ក្រុមណា ឬប្រទេសណាមួយឡើយ។

ទន្ទឹមនេះលោក បានផ្តល់ការណែនាំដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ទាំងមកពីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានត្រូវបន្តពង្រឹង
ការកសាងបក្សឱ្យបានខ្លាំងក្លា ជាពិសេសចំពោះស្រទាប់យុវជនជំនាន់ក្រោយ ដោយឈរលើគោលការណ៍ច្បាស់លាស់ ដែលគណបក្ស
បានណែនាំជាបន្តបន្ទាប់ តែត្រូវមានភាពទន់ភ្លន់, រស់រវើក, មិនងាប់ក្រឡា, ហើយជាពិសេសមិនត្រូវមានការរើសអើង និងលាបព័ណ៌ ជាដាច់ខាត។

លោក វង្សី វិស្សុត បានឲ្យមន្រ្ដីបក្សទាំងអស់យល់ អំពីផែនការលំអិតសម្រាប់ ការអនុវត្តយុទ្ធសាស្រ្ដទាំងបី ដែលបានដាក់ចេញកន្លងមក
ក្នុង​ន័យរក្សាបាននូវភាពនាំមុខ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានស្រុកមុខកំពូល នៅក្នុងបោះឆ្នោតសកល
ឆ្នាំ២០១៨ខាងមុខនេះ។

លោកបានណែនាំដល់មន្រ្ដី គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមដៃគ្នាចុះមូលដ្ឋានឱ្យកាន់ តែសកម្មជាងមុនគ្រប់ទីកន្លែង ជាពិសេសនៅតាមខ្នងផ្ទះ និងទីតាំងការងារ។ ក្នុងនោះមន្រ្ដីទាំងអស់ត្រូវបន្តធ្វើអំពើល្អ និងបម្រើប្រជាជន ដោយភាពស្មោះត្រង់ និងខិតខំដោះស្រាយបញ្ហានានា ឲ្យទាន់ពេលវេលា ព្រមទាំងបន្ដចូលរួមដល់កិច្ចអភិវឌ្ឍស្រប់ទៅតាម​តម្រូវការ និងស្ថានភាពជាក់ស្តែង របស់មូលដ្ឋាននីមួយៗ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក វង្សី វិស្សុត ក៏ស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការការពារ ថែរក្សាបរិស្ថាន ការរក្សាអនាម័យ ពិសេសការពារ​នូវទ្រព្យសម្បត្តិរដ្ឋ រួមមានព្រែក បឹង, អូរជាដើមធ្វើយ៉ាងណាកុំឲ្យ មានការរំលោភបំពាន ពីសំណាក់អ្នកមានអំណាចមួយចំនួន៕