(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យប្រតិភូនាវាយុវជន និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសំណេះសំណាល និងសម្តែងការគួរសម មុនពេលទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧។

ក្នុងឱកាសសម្ដែងការគួរសមនោះ លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ក៏បានលើកឡើង អំពីប្រវិត្តសាស្រ្ដដែលកម្ពុជា ធ្លាប់ឆ្លងកាត់ជាច្រើន ប្រាប់ទៅដល់ ប្រតិភូនាវាយុវជន និងសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជាផងដែរ។

លោក ឡេង ប៉េងឡុង បានថ្លែងថា យុវជនត្រូវស្គាល់ អំពីប្រវិត្ដសាស្រ្ដ ដើម្បីអាចក្លាយជាប្រជាពលរដ្ឋល្អ ព្រោះថាការស្គាល់ប្រវិត្ដសាស្ដ្រខ្លួនឯង និងប្រទេសដែលជាមិត្ដ ដែលយើងត្រូវទៅ ធ្វើឲ្យយើងមានមូលដ្ឋាន ក្នុងការពិភាក្សា ជាមួយនឹងយុវជនដទៃៗទៀត។

ក្នុងឱកាសនោះ លោក ហោ សំណាង អនុប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍ បានថ្លែងថា ការអនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៉ីអាគ្នេយ៍នេះ ជាការផ្តល់ឲ្យឱកាសល្អ សម្រាប់យុវជនក្នុងយល់ដឹងពីមូលដ្ឋានច្បាប់ និងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជាលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញនៅកម្ពុជា ដែលអាចចែករំលែកជាមួយយុវជនដទៃ មកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន។

ជាមួយគ្នានេះ លោក ហោ សំណាង ក៏បានអរគុណដល់ លោក ឡេង ប៉េងឡុង ដែលបានអនុញ្ញាតឲ្យយុវជនបានឃើញវិមានរដ្ឋសភា និងសាលប្រជុំពេញអង្គរដ្ឋសភា ដើម្បីស្វែងយល់អំពីកិច្ចការ និងតួនាទីរបស់រដ្ឋសភានៃកម្ពុជា។   
លោក ផាន់ សុភា ប្រធានប្រតិភូនាវាយុវជនកម្ពុជា ឲ្យដឹងថា កម្មវិធីយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុននេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ តាមសេចក្ដីថ្លែងការរួមរវាង រដ្ឋាភិបាលជប៉ុន និងប្រទេសសមាជិកអាស៊ានផងដែរ ក្នុងគោលបំណងផ្តល់ឱកាស ដល់យុវជនដូចជាពង្រឹងលើ កិច្ចសហប្រតិបត្តិការទំនាក់ទំនង ការរៀនធ្វើការជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍នានា និងចែករំលែកចំណេះដឹងផ្សេង។

កម្មវិធីយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុននេះ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧៕