(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងថា គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាង៤០ឆ្នាំ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋច្រើនលើសលុប។
ការថ្លែងរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋយាយជី តាជី ក្រុមប្រឹក្សាសង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ ចំនួន៨១៤នាក់ ព្រឹកថ្ងៃទី១៤ ខែតុលានេះ។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានដឹកនាំប្រទេសជាតិ អស់រយៈពេលជាង៤០ឆ្នាំកន្លង មកមានវ័យចំណាស់ ខាងនយោបាយអាយុកាលយូរអង្វែង ជាងរបបដឹកនាំមុនៗចាត់ទុក ជាប្រវត្តិសាស្រ្តជាតិ និងពិភពលោក ដោយមានការគាំទ្រយ៉ាងពេញទំហឹង និងកក់ក្ដៅពីប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ យ៉ាងច្រើនលើសលុប ជាពិសេសមានប្រមុខដឹកនាំ សម្ដេចតេជោ ហ៊ុន សែន មានឆន្ទះពិតប្រាកដបំរើជាតិ សាសនា ព្រះមហាក្សត្រ ចេះគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំអភិវឌ្ឍន៍ ប្រទេសតាំងពីបាតដៃទទេ ដឹកនាំប្រទេសជាតិ ឈានទៅរកត្រើយសុខសន្តិភាព ស្ថិរនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចបច្ចុប្បន្ននេះ។
លោកបានរំលឹកថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវរបត់សង្គម ជួបនូវឧបសគ្គលំបាកជាច្រើន ដោយសារសង្គ្រាមផ្ទៃក្នុងរាំងរ៉ៃ និងការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង បានធ្វើឲ្យប្រទេសជាតិ ធ្លាក់ក្នុងគ្រោះមហន្តរាយខ្ទេចខ្ទីរទាំងស្រុង ស្ទើរតែបាត់ផែនទីប្រទេសកម្ពុជា នៅក្នុងផែនទីពិភពលោកទៅហើយ។ ដោយសារគុណ ថ្ងៃ៧មករា និង នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យអង្គការចាត់តាំងខ្មែរក្រហម រលំរលាយនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិទឹកដីគ្មានតំបន់ អប្បគមន៍ មានតែកងយោធពលខេមរៈភូមិន្ទតែមួយ ជ្រកក្រោមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដពេញផ្ទៃប្រទេស មានការបោះឆ្នោតត្រឹមត្រូវតាមលក្ខណៈលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស តម្លាភាព និងយុត្តិធម៌ រាជរដ្ឋាភិបាល បានបោះឆ្នោតដំណើរការ បាន៥អណត្តិមកហើយ។
លោក ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះ មិនទាន់មានឈ្មោះ និងគ្រប់អាយុបោះឆ្នោតអញ្ជើញ ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលាដើម្បីមានសិទ្ធិក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ បន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីអណត្តិទី៦ និងអណត្តិជាបន្តបន្ទាប់ទៀត។
ក្នុងរដូវនៃថ្ងៃបុណ្យកឋិនទាន លោក ហ៊ីង ប៊ុនហៀង និងលោកស្រី បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែទៅវត្តលឹមពូល ស្ថិតក្នុងក្រុងដូនកែវ ព្រមទាំងបាននាំយកបច្ច័យ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តបច្ច័យសង្កត់ត្រយ័១០០លានរៀល និងបច្ច័យ១០លានរៀលប្រគេនវត្តសីហៈរតនារាម សម្រាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្ត ចែកក្រណាត់ស និងថវិការជូនយាយជីតាជី គណៈកម្មការវត្ត ក្រុមយុវជនកាកបាទក្រហម កាយរិទ្ធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់ កម្លាំងសមត្ថកិច្ច៕