(ភ្នំពេញ)៖ ភ្លាមៗក្រោយលោកគ្រូម្នាក់ឈ្មោះ ជា សុខហេង អះអាងថាលោកជាគ្រូព្យាបាលមនុស្សគ ថ្លង់ ឲ្យនិយាយនិងស្តាប់បានឡើងវិញ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ទាំងសម្លេងខ្លាំងថា ក្រសួងសុខាភិបាលប្រកាសបដិសេធដាច់អហង្ការចំពោះបុគ្គល ជា សុខហេង ដែលថាក្រសួងសុខាភិបាលទទួលស្គាល់ និងទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

ប្រមុខដឹកនាំវិស័យសុខាភិបាលកម្ពុជា បានថ្លែងប្រាប់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជារដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមប្រកាសមិនដែលទទួលស្គាល់ជំនាញព្យាបាលជំងឹរប​ស់បុគ្គល ជា សុខហេង ដូចដែលគេអះអាងថាជាគ្រូព្យាបាលជំងឺ គ ថ្លង់ នោះទេ។ ក្រសួងសុខាភិបាលសូមប្រកាសបដិសេធយ៉ាងដាច់ហង្ការចំពោះការលើកឡើងរបស់បុគ្គលនេះ និងសូមធ្វើឲ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលអះអាងខាងលើនេះ»

ការប្រកាសទាត់ចោលរបស់ក្រសួងសុខាភិបាលខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ជា សុខហេង បានអះអាងតាមសារព័ត៌មានក្នុងស្រុកថា ជំនាញព្យាបាលជំងឺ គ ថ្លង់ របស់លោក ត្រូវបានទទួលស្គាល់ដោយ ក្រសួងសុខាភិបាលចំពោះជំនាញព្យាបាលមនុស្ស គ ថ្លង់ របស់លោក និងអនុញ្ញាតឲ្យលោក បើកកន្លែងព្យាបាលមួយ៕