(បាត់ដំបង)៖ ប្រធានគណៈពង្រឹងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវឃ្លាំមើលសកម្មភាពរបស់សកម្មជន និងអង្គការទាំងឡាយណា ដែលធ្វើសកម្មភាពតាមមូលដ្ឋានខុសច្បាប់ ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ពោលមិនត្រូវបង្កអសន្តិសុខ និងគ្មានសណ្តាប់ធ្នាប់នោះឡើយ។
ការថ្លែងបញ្ជាក់ពីសំណាក់លោកប្រធានគណៈពង្រឹងលោក ហែម ថេង ខាងលើនេះ បានធ្វើឡើងខណៈ លោក និងសហការី ព្រមទាំងប្រធាន អនុប្រធានបក្សស្រុកបាណន់ បក្សឃុំ សាខាបក្សភូមិ សកម្មជន យុវជនជាច្រើនរូបទៀត បានអញ្ជើញផ្តល់ស្បៀងបន្ថែមដល់ប្រជាពលរដ្ឋក្រីក្រ១៨គ្រួសារ ដែលធ្លាប់បានទទួលផ្ទះថ្មីពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំភ្នំសំពៅនាពេលកន្លងមក នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ស្រុកបាណន់។ ជាមួយគ្នានេះ ក៏មានការរៀបចំពីធីប្រគល់ផ្ទះ២ខ្នងជូនប្រជាពលរដ្ឋនៅក្នុងឃុំផងដែរ។
លោកប្រធានគណៈពង្រឹងបានលើកឡើងថា «កន្លងមកក្រុមការងារយើង បានចុះជួយកសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទលើគ្រប់វិស័យ ដោយឡែកដើម្បីបម្រើប្រជាពលរដ្ឋ តាមសេចក្តីត្រូវការតាមមូលដ្ឋាននោះ គឺយើងបានធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ បានសរុបចំនួន១៨ខ្នងផ្ទះហើយ ក្នុងនោះព្រឹកនេះ បានប្រគល់២ខ្នង គឺផ្ទះទី១៧ និងទី១៨បន្ថែមទៀត នៅក្នុងភូមិក្រពើត្បូង និងបានអញ្ជើញពួកគាត់មកជួបជុំគ្នាម្តងផង ហើយបានចែកអំណោយជូនទាំង១៨នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កែស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកា៥ម៉ឺនរៀល ព្រមទាំងបានជូនអ្នកជម្ងឺសម្រាកនៅផ្ទះ៣នាក់ ម្នាក់ទទួលបាន១០ម៉ឺនរៀលផងដែរ។ ដោយឡែក លោក លី លឹមសៀន ប្រធានក្រុមការងារចុះជួយភូមិសំពៅលិច បានជួយជាថវិកាដល់ម្ចាស់ផ្ទះថ្មីចំនួន២០ដុល្លាបន្ថែមទៀតផង»។
នៅក្នុងឱកាសនោះដែរ លោក ហែម ថេង បានប្រាប់ទៅសមាជិកបក្សទាំាងអស់ថា «ដើម្បីត្រៀមរៀបចំក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខនេះ ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់បានត្រៀមជាស្រេចមានសៀវភៅគ្រួសារ បក្សសម្រាប់ធ្វើបច្ចុប្បន្នភាពជំហ៊ានដំបូងចំនួន៣,៥០០ក្បាល និងប័ណ្ណសម្គាល់សមាជិកបក្ស២,៧០០ក្បាល ដើម្បីស្រង់ទិន្នន័យច្បាស់លាស់ សមាជិកបក្សឲ្យអស់នៅតាមខ្នងផ្ទះបានលឿន នៅក្នុងដំណាច់ឆ្នាំ២០១៧រិតតែប្រសើ»។
ក្នុងពិធីចែកអំណោយ និងសំណេះសំណាលនេះដែរ លោកប្រធានបានលើកឡើកពីសភាពការណ៍ថ្មីៗ ក្នុងប្រទេសកម្ពុជាយើង ដែលមានថ្នាក់ដឹកនាំកំពូល បានសម្រេចចិត្តទប់ស្កាត់ទាន់ពេលវេលា និងចាប់ខ្លួនមេបក្សប្រឆាំងនូវអំពើក្បត់ជាតិ ហើយបក្សប្រឆាំងនេះនឹងត្រូវរំលាយចោល ដោយទុកកៅអីអសនៈនៅសភា ចែកឲ្យទៅគណបក្សផ្សេងដែលបានចុះឈ្មោះឆ្នោតកាលឆ្នាំ២០១៣កន្លងទៅនេះ។
ប្រធានក្រុមការងារបានបន្តថា «ទោះជាបក្សប្រឆាំងក្បត់ជាតិត្រូវបានព្យួរមិនឲ្យធ្វើនយោបាយយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជា នៅតែបន្តជួយប្រជាពលរដ្ឋមូលដ្ឋានយើងជាប្រចាំ មិនអាចឈប់បានឡើយ និងខិតខំបម្រើពួកគាត់តរហូតទៅ»។
ជាទីបញ្ចប់ក្រុមការងារបានឧត្ថមដល់ក្រុមការងារចំនួន៤២នាក់ ម្នាក់ៗទទួលបាន៥ម៉ឺនរៀលផងដែរ៕