(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ ផែនការសម្ងាត់ឃុបឃិតជាមួយអាមេរិកបំផ្ទុះបដិវត្តន៍ ពណ៌នៅកម្ពុជាបានលេចឡើងយ៉ាងច្បាស់ក្រឡែតជាមួយភស្តុតាងរាប់មិនអស់ទាំងវីដេ អូឃ្លីប ទាំងឯកសារនិងការបន្ថែមភស្តុតាងថ្មីៗបន្ថែមទៀតតាមរយៈសម្តីរបស់មន្ត្រីជាន់ ខ្ពស់បក្សសង្គ្រោះជាតិដែលរត់ភៀសខ្លួនចេញពីកម្ពុជានិយាយជាមួយអ្នកគាំទ្ររបស់ខ្លួន នៅក្រៅប្រទេស។ ភស្តុតាងទាំងនេះបង្ហាញថា ផែនការក្បត់ជាតិនេះមិនមែនមានតែ កឹម សុខា ម្នាក់ទេដែលបានដឹង និងអនុវត្ត ប៉ុន្តែការអនុវត្តផែនការនេះមានការដឹងឮ និងចូលរួមពីមនុស្សជាច្រើនហើយអនុវត្ត ជាប្រព័ន្ធតែម្តងដើម្បីសម្រេចផែនការទុច្ចរិតនៃបដិវត្តន៍ពណ៌។ បក្សប្រឆាំងបានអនុវត្តផែនការបដិវត្តន៍ពណ៌តាមរយៈការរើបម្រះនយោបាយ ដោយប្រើរូបភាពការផ្លាស់ប្តូរជាវិជ្ជមាន ដោយប្រើកម្លាំងអ្នកគាំទ្របក្សខ្លួន ស្ថាប័នអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមានភាពលម្អៀងលើខ្លួន ដែលទទួលថវិកាពីប្រភពថវិកាតែមួយដែលគាំទ្រលើផែនការបដិវត្តន៍ពណ៌។ ភាសានៃការផ្លាស់ប្តូរ ជាវិជ្ជមានស្តាប់មួយភ្លែតគឺពីរោះ និងមានភាពវិជ្ជមាន ប៉ុន្តែតាមពិតភាសាទាំងនេះគឺជាចង្កោមនៃការអនុគម្រោងផែនការធ្វើបដិវត្តន៍ពណ៌សុទ្ធសាធ។

ក្រៅពីភស្តុតាងដែលប្រមូលបាននាពេលកន្លងទៅ ផែនការនេះក៏ត្រូវបានបង្ហាញ បន្ថែមថ្មីៗនេះដោយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់បក្សសង្គ្រោះជាតិតាមរយៈសំណេរ និងសម្តីតាមទីសាធារណៈ ឬក៏ជួបជុំជាមួយសកម្មជន។ សម រង្ស៊ី អតីតមេបក្សសង្គ្រោះជាតិដែលរត់គេចខ្លួនពីសាលដីកាតុលាការនៅតែបន្តតួនាទីសកម្មលើការគាំទ្របក្ស ទោះដឹងថាច្បាប់មិនអនុញ្ញាត ហើយថែមទាំងបន្តការញុះញង់ក្នុងចំណោមសកម្មជនឱ្យស្អប់រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌។
ក្រុមមន្ត្រីបក្សសង្គ្រោះជាតិបន្តផែនការក្បត់ជាតិដោយដើរសម្អុយកេរ្តិ៍ឈ្មោះខ្មែរនៅ ក្រៅប្រទេស និងព្យាយាមបំបែកបំបាក់ជាតិខ្មែរ និងបំផ្លាញខ្មែរតាមនយោបាយបីកុំរបស់ខ្លួនដោយអំពាវនាវបរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធ និងទណ្ឌកម្មសព្វបែបយ៉ាងមកលើកម្ពុជា។

ហូរ វ៉ាន់ តំណាងរាស្ត្រមណ្ឌលភ្នំពេញបក្សសង្គ្រោះជាតិដែលកំពុងរត់គេចខ្លួនទៅ ជ្រកកោននៅប្រទេសកាណាដាបាននិយាយថាគោលបំណងនៃការផ្លាស់ប្តូរ មេដឹកនាំ នៅកម្ពុជា គឺនៅដដែល រីឯអេង ឆៃអ៊ាង តាមរយៈការញុះញង់ពី ជុន ច័ន្ទបុត្រ របស់វិទ្យុ អាស៊ីសេរីរុញសកម្មជនបក្សឱ្យចុះតាមផ្លូវតវ៉ាប្រឆាំងនឹងការរំលាយបក្សក៏ជាផ្នែកមួយនៃផែនការ ចុងក្រោយនេះបដិវត្តន៍ពណ៌ផងដែរដោយ យកសកម្មជនមកធ្វើជាខែល។ មូរ សុខហួរ បានអំពាវនាវឱ្យប្រទេសជប៉ុនបញ្ឈប់ការសាងសង់ស្ពាន ផ្លូវថ្នល់ដល់កម្ពុជា និងបានគំរាមកំហែងគ្រប់រូបភាពមកលើសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ចលនា យុវជនសង្គ្រោះជាតិ ហ៊ីង សុខសាន្ត ជាមនុស្សសកម្មក្នុងការបញ្ឆេះកំហឹងក្នុងចំណោម យុវជនឱ្យបះបោរ រីឯ ស៊ន តារា ដែលតែងតែបង្ហាញខ្លួនតាមហ្វេសប៊ុក និយាយពាក្យថា ប្តូរក៏ជាផ្នែកមួយនៃការអនុវត្តផែនការបដិវត្តពណ៌។

រីឯ សូរ សមយុទ្ធ ដែលគេដឹងឈ្មោះពិតថា ឡុង គឹមឃន ជំនួយការតំណាងរាស្ត្រ យ៉ែម បុញ្ញឫទ្ធិ និង ជាសមាជិក គណៈនាយកនៃបក្សសង្គ្រោះជាតិក៏បានអនុវត្តផែនការបដិវត្តន៍ពណ៌ តាមរយៈការបញ្ឆេះកំហឹងសាធារណជនដោយបានសរសេរអត្ថបទជាច្រើនចុះផ្សាយតាមកាសែតភ្នំពេញ ប៉ុស្តិ៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យ ដោយព្យាយាមបញ្ឆេះកំហឹងរាស្ត្រ ដោយយកបញ្ហាជាតិ មកធ្វើជានុយ។ ប៉ុន្តែក្នុងចេតនាមួយប្រើប្រព័ន្ធផ្សព្វផ្សាយទាំងនេះដើម្បីបំផ្ទុះកំហឹងប្រជាជនឱ្យប្រឆាំងនឹងរាជការសាធារណៈ និងងើបឡើងតស៊ូប្រឆាំង នឹងរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា និងបុគ្គលសម្តេចតេជោ ហ៊ុន សែន។ សូរ សមយុទ្ធ ឬឡុង គឹមឃន ដែលជារឿយៗត្រូវបានបណ្តាញព័ត៌មានគាំទ្របក្សប្រឆាំងហៅធ្វើវាគ្មិនដើម្បីប្រថាប់ត្រាឱ្យអ្វីដែលបក្ស ប្រឆាំងបានធ្វើ និងបន្ទោសបង្អាប់អ្វីដែល រាជរដ្ឋាភិបាលសម្រេចក្នុងចេតនាបង្ហាញពីចំណុចអវិជ្ជមានឱ្យបានច្រើនបំផុតតាម តែអាចធ្វើទៅបានដើម្បីទាញទម្លាក់ប្រជាប្រិយ ភាពរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ នេះគឺជាការអនុវត្តជាប្រព័ន្ធក្នុងការឈានទៅសម្រេចការធ្វើបដិវត្ត ន៍ពណ៌នៅកម្ពុជា។

ប៉ុន្តែទេវតាពិតជាជួយប្រទេស និងប្រជាជនកម្ពុជា ហើយអរគុណ កឹម សុខា ដែល បានបង្ហាញនូវផែនការសម្ងាត់ទុច្ចរិតអំពីបដិវត្តន៍ពណ៌នេះដល់ពិភពលោកបានដឹង និងបង្ហាញថា នរណាពិតប្រាកដ ដែលនៅពីក្រោយគម្រោងការនេះ ហើយមេក្លោងអនុវត្ត ផែនការនេះគឺ កឹម សុខា កំពុងតែជាប់ជុចនៅត្រពាំងផ្លុង រីឯអ្នកពាក់ព័ន្ធមួយចំនួនទៀត បាននិងកំពុងរត់គេចខ្លួនពីសំណាញច្បាប់។ ប្រសិនបើពួកគេស្អាតស្អំមែន គួរតែមានវត្តមាននៅក្នុងប្រទេសដើម្បីលាងជម្រះមន្ទិលទាំងនេះ មិនគួរណាភ័យស្លន់ស្លោរត់ចោលស្រុកនោះឡើយ។ ឥឡូវនេះគណបក្សសង្គ្រោះជាតិទាំងមូលកំពុង បាត់បង់ម្ចាស់ការ ហើយប្រសិនបើតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ នោះសំឡេងបក្សនេះនៅក្នុងរដ្ឋសភា ក្រុមប្រឹក្សាឃុំសង្កាត់ នឹងបាត់បង់ជាស្វ័យប្រវត្តិស្របតាមច្បាប់ពាក់ព័ន្ធចំនួន៤ ដែលគណៈកម្មាធិការជំនាញរបស់រដ្ឋសភាកំពុងតែពិនិត្យ និងរំពឹងថា នឹងដាក់ឱ្យរដ្ឋសភាអនុម័តក្នុងពេលឆាប់ៗនេះ។

លើសពីនេះ ថ្នាក់ដឹកនាំគណបក្សនេះកំពុងតែខ្វែងគំនិតគ្នាច្រើន ដោយសារតែពួកគេរត់ មិនទាន់សភាពការណ៍ ដែលមានការវិវត្តលឿន ដែលពួកគេដើរមិនទាន់ ហើយក៏នឹកស្មានមិនដល់។ ដូច្នេះយុទ្ធសាស្ត្របច្ចុប្បន្នរបស់បក្សសង្គ្រោះជាតិគ្មានអ្វីក្រៅពី ជំហានទី១-បានព្យាយាមរុញអន្តរជាតិមួយចំនួនដាក់គំនាបលើកម្ពុជា ដើម្បីឱ្យវិលទៅរកស្ថានភាពដើម និងបើការដាក់សំពាធ មិនមានលទ្ធផល គឺពួកគេនឹងឈានទៅជំហានទី ២ ដោយសាកល្បងរុញសកម្មជនប្រឆាំងឱ្យតវ៉ា ដូច អេង ឆៃអ៊ាង បានផ្តល់បទសម្ភាសនៅវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១២ តុលា តែមិនប្រាកដមានកម្លាំងចូលរួមច្រើននោះទេ។ ប៉ុន្តែបក្សសង្រ្គោះជាតិត្រូវដឹងឱ្យច្បាស់ថា ជំហានទី២នេះ គឺជាជំហានដែលចាត់ទុកជាការប៉ុនប៉ងនៃបដិវត្តពណ៌ចុងក្រោយរបស់បក្សប្រឆាំង ហើយនេះជាជំហានគ្រោះមហន្តរាយ សម្រាប់សកម្មជនរបស់ខ្លួន និងនាំដល់ការបំផ្លាញដល់ឬសគល់នៃរចនាសម្ព័ន្ធបក្សប្រឆាំងតែម្តង។ បើហ៊ាន គឺប្រាកដជាអវសាន។ សូមជម្រាបថា មនុស្សគិត មិនដូចទេវតាគិត ហើយទេវតាបានគូសវាសលើវាសនាមនុស្សអស់ហើយ!

នៅពេលនេះ ថ្នាក់ដឹកនាំបក្សប្រឆាំងដឹងខ្លួនយ៉ាងច្បាស់ថា ខ្លួនគ្មានឱកាសក្នុងការធ្វើការផ្លាស់ប្តូររបប និងមេដឹកនាំកម្ពុជាតាមការស្រមើស្រម៉ៃរបស់ខ្លួន និងចៅហ្វាយនាយអាមេរិករបស់ខ្លួន ឡើយព្រោះផែនការសម្ងាត់ទុច្ចរិតតាំងពីឆ្នាំ ១៩៩៣ មក ត្រូវបរាជ័យ ដោយផែនការបដិវត្តពណ៌ឆ្នាំ ២០១៣ មិនជោគជ័យ ហើយផែនការបដិវត្តពណ៌ ២០១៨ ត្រូវបានបំផ្លាញ។ មេក្លោងបដិវត្តន៍ត្រូវបានចាប់ខ្លួន ហើយអ្នកដឹងថាខ្លួនពាក់ព័ន្ធនឹងផែនការបដិវត្តពណ៌ អនុវត្តយុទ្ធសាស្រ្តរត់យកអាយូស ទៅក្រៅអស់ហើយ។ គួរកត់សម្គាល់រឿងអាមេរិកជាអ្នកមានតួនាទីស្នូលដឹកនាំ ការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំនៃរដ្ឋបរទេស ពុំមែនជារឿងព្រេងនោះ គឺជាការពិត ហើយទទួលស្គាល់យ៉ាងច្បាស់ដោយប្រធានាធិបតី ដូណាល់ ត្រាំ ដោយថែមទាំងបានសន្យាបញ្ឈប់ នយោបាយស៊ីរដ្ឋទៀតផង។ សម្តីរបស់ កឹម សុខា អំពីផែនការបដិវត្តន៍ពណ៌ ដោយរួមគំនិតជាមួយអាមេរិក ក៏ជារឿងពិត។ ការអនុវត្តផែនការបដិវត្តពណ៌ តាមរយៈសកម្មភាពទាំងឡាយ ក្រោយការបោះឆ្នោត ២០១៣ ក៏មិនមែនជារឿងព្រេងដែរ។ ប្រសិនបើការហុចផ្កាឈូកឆ្នាំ ២០១៣ របស់បក្សសង្គ្រោះជាតិអាចបំបែកកម្លាំងប្រដាប់អាវុធបាន ប្រហែលម៉ោងនេះ កម្ពុជា កំពុងស្ថិតក្នុងស្ថានការណ៍ដូចប្រទេសស៊ីរី ឬលីប៊ីជាដើម ហើយម៉ោងនេះ ក៏ប្រហែលជាអ្នកស្រាវជ្រាវអំពីបដិវត្តន៍ពណ៌កំពុង អង្កុយសរសេរមេរៀនបដិវត្តផ្កាឈូកទី២ នៅកម្ពុជាផងដែរ។

ភាពយន្តឯកសារដែលមានចំណងជើងថា "A Cambodian Spring" របស់លោក Chris Kelly គឺជាការពិត នៃបរាជ័យបដិវត្តពណ៌។ ទាំងនេះមិនទាន់គិតដល់ការប៉ុនប៉ង បដិវត្តពណ៌ខ្មែរ តាមរយៈយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលបរាជ័យដោយសារការអនុវត្តយុទ្ធវិធីខុស និងគ្មានការចូលរួមគ្រប់គ្រាន់ពីប្រជាជន។ ផ្អែកលើបទពិសោធនេះ អ្នកស្រាវជ្រាវអាចបកមកអង្គុយសរសេរ មេរៀនអំពីបរាជ័យនៃបដិវត្តពណ៌នៅកម្ពុជាវិញ ហើយវិភាគអំពីមូលហេតុនៃការបរាជ័យនៃបដិវត្តពណ៌ និងជោគជ័យនៃការទប់ស្កាត់បដិវត្តពណ៌ ហើយពេលនោះ គេនឹងនឹកឃើញអត្ថបទចៅ ចាក់ស្មុក ដែលសរសេរថា «នីតិរដ្ឋ គឺជាដំណោះស្រាយក្នុងការកម្ទេចអង្គការចាត់តាំងបដិវត្តពណ៌»។ ទោះក្នុងតម្លៃណាក៏ដោយកម្ពុជា មិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរតាមបែប បដិវត្តន៍ពណ៌ឡើយ ហើយក៏ មិនអនុញ្ញាតឱ្យជនណាម្នាក់បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ជាតិនិងប្រជាជនខ្មែរ បានឡើយ។ ក្រុមជនក្បត់ជាតិត្រូវតែប្រឈមមុខច្បាប់ ហើយបក្សក្បត់ជាតិត្រូវតែបានរំលាយដោយច្បាប់ដែលមានជាធរមាន។ ជម្រើសល្អបំផុតសម្រាប់នគរខ្មែរ គឺជម្រើសសន្តិភាព ជាមួយនឹងការប្តេជ្ញាចិត្តបន្តលើផ្លូវនៃប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្រ្តខ្មែរ៕

ដោយ៖ ចៅចាក់ស្មុក