(ភ្នំពេញ)៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញកន្លងមក ជាពិសេសធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ជនបរទេស ព្រមទាំងដកហូតបានម៉ូតូចំនួន៤គ្រឿងផងដែរ។ ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ២ករណីផ្សេងគ្នា។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ការឃាត់ខ្លួនក្រុមមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមលោកអធិការ ជនសង្ស័យទី១-ឈ្មោះ វ៉ាន់ វិសាន់ អាយុ១៦ឆ្នាំ, ទី២-ឈ្មោះ អឿន សុភ័ក្រ្តពេជ្រ អាយុ១៥ឆ្នាំ, ទី៣-ឈ្មោះ លី តុលា អាយុ១៧ឆ្នាំ ,ទី៤-ឈ្មោះ តាំង គីមសួរ អាយុ១៦ឆ្នាំ នៅចំណុចមុខវត្តបទុមវតី ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ដែលប្រព្រឹត្តឡើង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៤០នាទីរសៀល នៅចំណុចផ្លូវលេខ១៧៨កែងផ្លូវលេខ៥១ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ Svanfa Burgwinkel ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិអាឡឺម៉ង់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះលេខ២២ ផ្លូវ១០៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្ភារបាត់បង់មាន កាបូបស្ពាយចំនួន១, លុយ120$, Credit Card១, ATM Card១, ATM អាឡឺម៉ង់១ និងID Card១។  វត្ថុតាងចាប់យក ម៉ូតូម៉ាកសេ110(ប៊ិច) ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1BQ-0020 1គ្រឿង និងម៉ាកSUZUKI NEX ពណ៍ខ្មៅក្រហម ស្លាកលេខ ភ្នំពេញ 1GG-20211គ្រឿង។

ដោយឡែក២នាក់ទៀតរួមមាន៖ ទី១-ឈ្មោះ អ៊ុន សុភ័ក្រ្តមិត្ត អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ២៧៧ ផ្លូវ១៦១ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងទី២-ឈ្មោះ លី ហុងចៃ  ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះលេខ១៣៧ ផ្លូវលេខ១៦១ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ( មិនបានដាក់ពាក្យបណ្តឹង) និងជនរងគ្រោះម្នាក់ទៀត មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិជប៉ុន (មិនបានដាក់ពាក្យបណ្តឹង)។
សម្ភារបាត់បង់ កាបូបស្ពាយចំនួន១ ជារបស់ជនរងគ្រោះជាស្រី (មិនដឹងមានអ្វីខ្លះក្នុងកាបូប) និងកាបូបស្ពាយមួយទៀតជារបស់ជនរងគ្រោះជាជនជាតិជប៉ុន (មិនដឹងមានអ្វីខ្លះ)។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងម៉ូតូចំនួន០២គ្រឿង បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕