(ព្រះវិហារ)៖ រទេះរុញ និងឈើច្រត់ជាច្រើនគូរសម្រាប់ជនពិការ ត្រូវបានសប្បុរសជនរស់នៅក្រុងព្រះវិហារ យកទៅប្រគល់ជូនដល់ការិយាល័យ អ្នកតំណាងរាស្ត្រប្រចាំម​ណ្ឌលខេត្តព្រះវិហារ លោក សួស យ៉ារ៉ា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

លោក ជា ឈាងហុង ដែលជាសប្បុរសជនរស់នៅក្នុងក្រុងព្រះវិហារ បានថ្លែងថា មូលហេតុដែលលោក និងក្រុមគ្រួសារយកអំណោយជារទេះរុញ និងឈើច្រត់មកប្រគល់ជូនលោកតំណាងរាស្ត្រ សួស យ៉ារ៉ា ដល់ការិយាល័យរបស់គាត់ ក៏ដោយសារកន្លងមកលោកមើលឃើញ ពីសកម្មភាពការងាររបស់អ្នកតំណាងរាស្ត្រវ័យក្មេង ក៏ដូចលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងតែ បានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ។ ចំណុចនេះហើយធ្វើឲ្យលោក និងក្រុមគ្រួសារមានភាពជឿជាក់ក៏បានសម្រេចចិត្តគៀងគរ បងប្អូនមិត្តភ័ក្រទិញរទេះរុញ និងឈើច្រត់យកមកប្រគល់ជូនគាត់ សម្រាប់បំរើការងារមនុស្សធម៌ដល់ជនពិការនានាក្នុងខេត្ត ហើយលោកសន្យាថា នឹងយកមកប្រគល់ជូននៅឱកាសក្រោយៗទៀត។

លោក យិន ជំនិត តំណាងឲ្យលោក សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើ ដល់លោក ជា ឈាងហុង និងក្រុមគ្រួសារដែលជាសប្បុរសជន រស់នៅក្រុងព្រះវិហារ ដែលបានយករទេះរុញ និងឈើច្រត់មកប្រគល់ជូនដល់ការិយាល័យ អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលព្រះវិហារ សម្រាប់ចាត់ចែងលើការងារមនុស្សធម៌ជួយដល់ជនពិការយើង។

លោក យិន ជំនិត បានថ្លែងបន្តថា អំណោយនេះទោះបីជាមិនមានតម្លៃធំធេងក៏ពិតមែន តែបានបង្ហាញឲ្យឃើញពីភាពជឿជាក់ផុសចេញពីបេះដូងដ៏បរិសុទ្ធរបស់ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំរបស់លោក សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀតផងដែរ។ លើសពីនេះទៀតបានធ្វើឲ្យជនពិការយើងមានសង្ឃឹមដោយសាររទេះរុញ និងឈើច្រត់នេះ។

លោកបញ្ជាក់ថា រហូតមកដល់ពេលនេះលោក ជា ឈាងហុង និងក្រុមគ្រួសារបានយកអំណោយរទេះរុញ និងឈើច្រត់មកប្រគល់ជូនលោក សួស យ៉ារ៉ា និង លោក អ៊ុន ចាន់ដា សរុបរទេះរុញ៩និងឈើច្រត១៥គូរហើយ៕