(ភ្នំពេញ)៖ យុវជនសង្ស័យ៤នាក់ មកពីទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់ និងជួញដូរ តែមិនបានសម្រេចឡើយ ព្រោះត្រូវបានកម្លាំងនគរបាលផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បង្ក្រាបឃាត់ខ្លួនបានតាមដងផ្លូវទាន់ពេលវេលា ជាបន្តបន្ទាប់ ហើយដកហូតបានថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរច្រកចូលបុរីរុងរឿង និងក្បែរស្ពានលេខ១ និងស្ពានលេខ៦ តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំង៤នាក់ ខាងលើនេះ បានធ្វើឡើងជាបន្តបន្ទាប់៣ករណីផ្សេងគ្នា ក្នុងប្រតិបត្តិការយាមល្បាតពួនស្ទាក់រិទ្ធបន្តឹងបទល្មើសចរាចរផ្លូវគោក ពិសេសដើម្បីអនុវត្តយុទ្ធនាការប្រុយុទ្ធប្រឆាំង និងបង្កាបង្ក្រាបគ្រឿងញៀន នៅទូទាំងប្រទេស ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ពីកម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌ និងផ្នែកអន្តរាគមន៍ ដោយនូវជំហ៊ានដំបូងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញក្រាមសថ្លាជាថ្នាំញៀន១កញ្ចប់តូច រួមជាមួយម៉ូតូ១គ្រឿងម៉ាកហុងដា សង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-6949។

លោកវរសេនីយ៍ត្រីថា បន្ទាប់ពីឃាត់ខ្លួនម្នាក់ ក៏បន្តសកម្មភាពទៅបង្ក្រាបជនសង្ស័យ២នាក់ទៀត ក្នុងករណីទី២ រកឃើញថ្នាំញៀន២កញ្ចប់ធំ ដែលពួកគេត្រៀមយកទៅជួញដូរ និងដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅដូចគ្នា តែគ្មានស្លាកលេខ ទើបឈានដល់ប្រតិបត្តិការករណីទី៣ រកឃើញសារធាតុញៀន២កញ្ចប់តូច ដកហូតបានម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FF-7368 ភ្នំពេញ និងឃាត់ខ្លួនបន្ថែមម្នាក់ទៀតផងដែរ។

លោកបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះ ភួង មេត្តា អាយុ២៨ឆ្នាំ មុខរបរបើកឡាន មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទី២-ឈ្មោះ នូ តុលា អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ៩៩ ឃុំមានរិទ្ធ ស្រុកសណ្ដាន ខេត្តកំពង់ធំ ទី៣-ឈ្មោះ ធី ម៉ូថេ អាយុ១៨ឆ្នាំ មុខរបរបើកឡាន មានទីលំនៅភូមិព្រៃព្រាល ឃុំត្រពាំឫស្សី ស្រុកលា ខេត្តកំពង់ធំ ទី៤-ឈ្មោះ សំ ឌីណា អាយុ២១ឆ្នាំ មានទីលំនៅភូមិសូគេន ឃុំសូគរ ស្រុកគងមាស ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ និងវត្ថុតាងដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕