(ភ្នំពេញ)៖ តន្ត្រីដើម្បីក្តីស្រលាញ់ Music for Love ដែលមានការចូលរួមពី ក្រុមនិស្សិតសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសិស្សានុសិស្សនៃសាលាតន្ត្រី The Art of School សហការគ្នាប្រគុំតន្ត្រីមនុស្សធម៌មួយ ជាមួយសិល្បៈករកូរ៉េ នៅសាលមជ្ឍមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ បានប្រមូលបានថវិកាចំនួន៩៦៦ដុល្លារ និង៤,៧៨០,០០០រៀល ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងខ្វះខាត និងត្រូវការជំនួយយ៉ាងខ្លាំង។
លោក ម៉ៅ លីហេង ស្ថាបនិកក្រុមសហស្សវត្សមនុស្សធម៌ និងជាអ្នករៀបចំកិច្ចការទូទៅ នៃការប្រគុំតន្ត្រីមនុស្សធម៌នោះ បានថ្លែងថា ការប្រគុំតន្ត្រីនេះ យើងឲ្យឈ្មោះថា «តន្ត្រីដើម្បីក្តីស្រឡាញ់» ដោយហេតុថា យើងខ្ញុំមើលឃើញកុមារកម្ពុជាយើង រាប់រយពាន់នាក់ កំពុងទទួលបានការសង្គ្រោះជីវិត ពីជម្ងឺផ្សេងៗរបស់ពួកគាត់ ហើយនៅមានកុមាររងគ្រោះ រាប់ពាន់នាក់ទៀត មិនទាន់ទទួលបានការសង្គ្រោះ។
ទន្ទឹមគ្នានេះ មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យទទួលព្យាបាលមិនយកកំរៃមួយនេះ ក៏កំពុងខ្វះខាតថវិកាទ្រទ្រង់ការព្យាបាលនោះផងដែរ អញ្ចឹងហើយទើបយើងខ្ញុំក៏រៀបចំការប្រគុំតន្ត្រីមនុស្សធម៌ «តន្ត្រីដើម្បីក្តីស្រលាញ់ Music for Love» មួយនេះឡើង។ ការប្រគុំតន្ត្រីមនុស្សធម៌នេះ យើងធ្វើការលក់សំបុត្រចូលរួមទស្សនា តម្លៃសំបុត្រ៣ដុល្លារ ហើយថវិកានោះ យើងនិងជូនដល់មន្ទីរពេទ្យទាំងអស់ បូករួមថវិកាម្ចាស់ឧបត្ថម្ភនានាផង។
តំណាងក្រុមនិស្សិតភូមិន្ទវិចិត្រសិល្បៈម្នាក់ បានឲ្យដឹងថា ពួកយើងជាខ្មែរ ពួកយើងមានឆន្ទះជួយដល់សង្គម ដោយប្រើចំណេះ ជំនាញ តាមដែលពួកយើងធ្វើទៅបាន ម្យ៉ាងទៀត ដើម្បីអភិរក្សសិល្បៈវប្បធម៌ជាតិ យើងខ្ញុំក៏ស្ម័គ្រចិត្តរួមគ្នាសំដែង ក្នុងព្រឹត្តិការការប្រគុំតន្ត្រី «តន្ត្រីដើម្បីក្តីស្រលាញ់ Music for Love» នេះឲ្យអស់ពីសមត្ថភាព ក៏ជាការសម្តែងពីទឹកចិត្តអាណិតស្រលាញ់ ដល់កុមាររងគ្រោះទាំងនោះផងដែរ។
លោក ឃឹម តារាវឌ្ឍនះ នាយកសាលាតន្ត្រី The Art of School ក៏បានឲ្យដឹងដែរថា កុមារត្រូវមានសិទ្ឋិទទួលការសិក្សា និងការទទួលបានសេវាថែទាំសុខភាព និងសិទ្ឋិផ្សេងៗទៀត។ ប្រទេសកម្ពុជាយើង កុមារងាយរងគ្រោះផ្នែកសុខភាពជាងគេ ហើយយើងម្នាក់ៗ ក៏ត្រូវចូលរួមមើលថែ រក្សាកុមាររងគ្រោះទាំងនោះដែរ អាស្រ័យហេតុនេះ យើងក៏មានមន្ទីរពេទ្យសំរាកព្យាបាលជាច្រើន ក្នុងនោះក៏មានមន្ទីរពេទ្យកុមារអង្គរ ដែលព្យាបាលមិនយកលុយ ហើយឥលូវមន្ទីរពេទ្យមានការខ្វះខាត ដូចនេះមេត្តាយើងទាំងអស់ចូលរួមឧបត្ថម្ភ ដើម្បីមន្ទីរពេទ្យមានលទ្ឋភាពព្យាបាលកុមាររងគ្រោះទាំងនោះ៕