(ភ្នំពេញ)៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ មានរយៈពេល ១៣ឆ្នាំគត់ ដែលប្រទេសកម្ពុជា បានក្លាយជាសមាជិអង្គការពាណិជ្ជកម្មពិភពលោក WTO (១៣ តុលា ២០០៤-១៣ តុលា ២០១៧)។ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា រយៈពេល ១៣ឆ្នាំមកនេះ កម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច និងជាសមាជិកអង្គការពាណិជ្ជកម្មភពលោកដែលមានប្រទេស១៦៤ជាសមាជិក បានពុះពារគ្រប់ឧបសគ្គ និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សមិទ្ធផលសំខាន់ដែលប្រទេសកម្ពុជាសមាជិកទី១៤៨ របស់អង្គការពាណិជ្ជកម្មពិភពលោក សម្រេចបានក្នុងរយៈពេល ១៣ឆ្នាំនេះរួមមាន៖

* រក្សានិងបង្កើនការវិនិយោគលើវិស័យនានា ជាពិសេសលើវិស័យកាត់ដេរ សម្លៀកបំពាក់ដែលមានត្រឹមតែ ២០៩រោងចក្រ នៅក្នុងឆ្នាំ២០០៣ និងកម្មករត្រឹមតែ ២៥ម៉ឺននាក់ ហើយប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ៤៥ដុល្លារ ក្នុងមួយខែ តែបច្ចុប្បន្នមានរហូតដល់ ៥៥៦រោងចក្រ កម្មករកើនដល់ ៦៥ម៉ឺននាក់ (ប្រមាណ ៨៨ ភាគរយជាស្ត្រី) និងប្រាក់ឈ្នួលអប្បបរមាកើនដល់ ១៧០ដុល្លារ ដោយរួមបញ្ចូលប្រាក់ថ្លៃធ្វើដំណើរនិងអត្ថប្រយោជន៍នានាចំនួន ១៧ដុល្លារផងដែរ។

* បានបើកច្រកទីផ្សារនាំចេញទៅជាច្រើនប្រទេស បានធ្វើឲ្យការនាំចេញទូទៅបានកើនឡើងពី ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៣ ទៅចំនួនជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ (តាមស្ថិតិរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ)

* រក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់ជាងគេ គឺក្នុងរង្វង់ ៧ ភាគរយ គិតជាមធ្យម ធៀបនឹងកំណើនរបស់ប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត ក្នុងចន្លោះ ពីឆ្នាំ២០០៤ ដល់២០១៧

* អតិផរណាបានធ្លាក់ចុះពី ៥.៥ ភាគរយ ក្នុងឆ្នាំ២០១១ មកត្រឹម ១.២ ភាគរយ ក្នុងឆ្នាំ២០១៥ ដោយសារមានគោលនយោបាយរូបិយវត្ថុច្បាស់លាស់។

* អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៤៧,៨ ភាគរយ នៅឆ្នាំ២០០៧ មកនៅ ១៣,៥ ភាគរយ ក្នុងឆ្នាំ២០១៤ ហើយកម្ពុជាក៏ទទួលបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ផងដែរ ដែលក្នុងនោះចំណូលជាតិសរុបចំនួន ១.០៧០ដុល្លារ សម្រាប់ប្រជាជនម្នាក់។

* សមាជិកភាពរបស់កម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលោក បានផ្តល់នូវសិទ្ធិស្មើភាពជាមួយប្រទេសសមាជិកទាំងអស់ក្នុងការពិគ្រោះយោបល់ ពិភាក្សា ដោះស្រាយវិវាទ និងធ្វើការសម្រេចចិត្តនានារបស់អង្គការនេះ

* កម្ពុជាក៏ទទួលបានផងដែរនូវជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលពីអង្គការពាណិជ្ជកម្មពិភពលោក និងទទួលបានជំនួយសម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្ម ជាដើម។ល។

* បានដើរតួនាទីជាប្រធានក្រុមសម្របសម្រួលនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីខែកុម្ភៈឆ្នាំ២០១៧ កន្លងទៅ ដែលបាននិងកំពុងជួយជំរុញដល់ការចរចានានា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថា ក្នុងចន្លោះឆ្នាំ២០០៤ ដល់២០១៧ កម្ពុជា បានបណ្តុះបណ្តាលធនធានមនុស្ស កែទម្រង់ស្ថាប័ន និងរចនាសម្ព័ន្ធ កសាងលិខិតបទដ្ឋានច្បាប់ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបានជួយសម្រួល និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាច្រើនមកកម្ពុជា។ ក្រសួងបន្តថា សមិទ្ធផលទាំងនេះ បាននិងកំពុងជួយដល់ការពង្រីកកំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាជនកម្ពុជា ព្រមទាំងជួយលើកតម្កើងកិត្យានុគោលភាព និងកិត្តិនាមកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ៕