(សឹង្ហបុរី)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា និងបិទកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៣ និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ នៅប្រទេសសឹង្ហបុរី។
ពិធីខាងលើនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួល ទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងជារដ្ឋមន្រ្តី ដឹកជញ្ជូនសឹង្ហបុរី។
រដ្ឋមន្រ្តីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រួមមាន៖
ទី១៖កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូន អ្នកដំណើរឆ្លងកាត់ព្រំដែនតាមរថយន្ត
ទី២៖ពិធីសារអនុវត្តន៍កិច្ចសន្យាកញ្ចប់ទី១០ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសេវាកម្ម
ទី៣៖ពិធីសារទី៣ ស្តីពីកិច្ចសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេស ជាសមាជិកអាស៊ានណាមួយ
ទី៤៖កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីដំណើរការទទួលស្គាល់ទៅវិញទៅមក វិញ្ញាបនបត្របាហុនិកា
និងទី៥៖អនុស្សរណៈយោគយល់ រវាងអាជ្ញាធរទទួលបន្ទុកស៊ើបអង្កេតគ្រោះថ្នាក់អាកាសយាន នៃរដ្ឋជាសមាជិកអាស៊ាន និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ស្តីពីកិច្ចសហប្រត្តិបត្តិការទាក់ទង នឹងការស៊ើបអង្កេតឧប្បត្តិហេតុ និងគ្រោះថ្នាក់អាកាសយាន៕